(កៀវ)៖ សង្គ្រាមនៅលើសមរភូមិភាគខាងកើត និងការវាយប្រហារតាមផ្លូវអាកាសបានបន្ត ក្រោយ អង្គការណាតូសម្រេចបង្កើនជំនួយយោធាជាច្រើនថែមទៀតដល់អ៊ុយក្រែន។ អ៊ុយក្រែននឹង តម្រូវបន្តប្រយុទ្ធរហូតលុះត្រាតែ សង្គ្រាមបានបញ្ចប់ទើបនឹងក្លាយជាសមាជិករបស់អង្គការណាតូ។ ពេលនេះគ្រាប់បែកចង្កោមនៃជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់អ៊ុយក្រែន ហើយជាមួយការរំពឹងថា គ្រាប់បែកចង្កោមនោះនឹងជួយជំរុញយុទ្ធនាការ Counter Offensive របស់អ៊ុយក្រែនសម្រេចនូវបំណង។
ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាស ដែលជាការឆ្លើយតបចំពោះការប្តេជ្ញារបស់អង្គការណាតូ លើការបន្តជួយអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ការវាយប្រហារតាមផ្លូវអា កាសនៅថ្ងៃព្រហស្បតិ៍ គឺនៅចំថ្ងៃកិច្ចប្រជុំកំពូលអង្គការណាតូបានបញ្ចប់ ជាមួយការសន្យា របស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធនូវកញ្ចប់ជំនួយយោធារួម មានទាំងគ្រាប់បែកចង្កោម, មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ, ឧបករណ៍យោធានានានិងការ ត្រៀមផ្តល់យន្តហោះចម្បាំងជាមួយការបង្វឹកអាកាស និកអ៊ុយក្រែននូវរបៀបប្រើប្រាស់យន្ត ហោះ F-16 ថែមទៀត។
ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងទន្ទឹមនឹងប្រធានាធិបតីអាមេរិក លោក ចូបៃ ដិន បានជួបជាមួយនឹងបណ្តាមេដឹកនាំប្រទេសក្នុងតំបន់ Nordic នៃភាគខាងជើងអឺរ៉ុបប។ ប្រទេសក្នុងតំបន់Nordic រួមមានប្រទេសដាណាម៉ាក, ប្រទេសហ្វាំងឡង់, អ៊ីស្លង់, ណ័រវ៉េ, និង ស៊ុយអែត។ ប្រទេសហ្វាំងឡង់គឺជាប្រទេសនៃសមាជិកទី៣១របស់អង្គការណាតូ និងប្រទេសស៊ុយអែត នឹងរំពឹងក្លាយជាប្រទេស នៃសមាជិកទី៣២ថែមទៀត។ ប្រទេសទាំង២នេះបាន បោះបង់ចោលភាពអព្យាក្រិតរបស់ខ្លួនជាច្រើនសិបឆ្នាំមកនេះ ដោយទីបំផុតបានចួលរួម ជាមួយអង្គការណាតូ ក្រោយក្តីបារម្ភនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីក្នុងទឹកដីភាគខាងកើត អ៊ុយក្រែនចាប់តាំងពី ថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២នោះមក។
ការវាយប្រហារបកភ្លាមៗរបស់រុស្ស៊ីក្រោយការប្តេជ្ញារបស់អង្គការណាតូជួយអ៊ុយក្រែនបានធ្វើ ដោយការបាញ់គ្រាប់មីស៊ីល និងការប្រើដ្រូនដាក់លើរដ្ឋធានីគៀវ។ កងកម្លាំងការពារអាកាស អ៊ុយក្រែនបានថ្លែងថា ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ទី១៣កក្កដានោះ, គេបានបាញ់ ទម្លាក់ដ្រូនរស្ស៊ីចំនួន២០គ្រឿងនិងបាញ់ទម្លាក់មីស៊ីល Cruise ចំនួន២គ្រឿង។ ប៉ុន្តែអភិបាល ក្រុង កៀវ លោក Vitali Klitschko បាននិយាយថា នៅក្នុងការវាយប្រហារនោះមានមនុស្ស យ៉ាងហោចបួននាក់បានរងរបួស និងម្នាក់ទៀតបានស្លាប់។
ប្រទេសរុស្ស៊ីជាមួយនឹងការវាយប្រហារនោះ នៅបានព្រមានថានឹងចាត់វិធានការជុំវិញរឿង ការផ្តល់យន្តហោះ F-16 ដល់ប្រទេសអ៊ុយក្រែនថែមទៀត។ រដ្ឋាភិបាលក្រុងម៉ូស្គូ បានចាត់ ទុកថាយន្តហោះប្រភេទចម្បាំងF-16 ដែលនឹងត្រូវបញ្ជូនទៅអ៊ុយក្រែននោះ គឺជាការគំរាម កំហែងគ្រាប់បែក "នុយក្លេអ៊ែរ" ដោយសារតែសមត្ថភាពយន្តហោះចម្បាំងនោះ អាចផ្ទុក គ្រាប់បែកបរមាណូ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ត្រូវក្រសួងការបរទេសរុស្ស៊ីបានដកស្រង់សម្តី ដែលនិយាយថា "រុស្ស៊ីមិនអាចព្រងើយកន្តើយចំពោះសមត្ថភាពរបស់យន្តហោះទាំងនេះក្នុង ការផ្ទុកអាវុធនុយក្លេអ៊ែរនោះឡើយ»។
ប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក គឺជាប្រទេសដែលកំពុងដឹកនាំផែនការបណ្តុះ បណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ដើម្បីចេះប្រើប្រាស់យន្តហោះ F-16 ដែលជាផ្នែកមួយ នៃក្រុមសម្ព័ន្ធដែលមាន១១ប្រទេស។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងព្រមានថា«គ្មាន ការធានាណាមួយជួយអ៊ុយក្រែនបានទេ ទោះបីជាការធានានោះមានទំហំធំប៉ុណ្ណាក៏ដោយ ក៏នឹងមិនអាចជួយអ៊ុយក្រែនបានឡើយ» ។
ប្រទេសរុស្ស៊ីបានព្រមាននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែ័ររបស់ខ្លួន តាំងពីការចាប់ផ្តើមមាន សង្គ្រាមថ្ងៃដំបូងនោះមក ប៉ុន្តែរុស្ស៊ីនៅមិនទាន់បាន ប្រើប្រាស់អាវុធប្រល័យលោកនេះនៅ ឡើយទេ ខណៈដែលមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែ័រតាក់ទិករបស់ខ្លួន ក្នុងទឹកដីនៃប្រ ទេសបេឡារុសដែលបង្ហាញពីការត្រៀមលក្ខណៈរបស់រុស្ស៊ីទុកជាមុន។ ប្រធានាធិបតីអាមេ រិកលោកចូបៃដិន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បញ្ជាក់ការមិន ជឿថាលោកពូទីននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែ័រក្នុងសង្គ្រាមទឹកដីប្រទេសអ៊ុយក្រែនឡើយ។
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានមកដល់រដ្ឋធានីHelsinki នៃប្រទេសដាណាម៉ាក ក្រោយកិច្ចប្រជុំកំពូលណាតូក្នុងប្រទេសលីទុយអានី ដែលមានការសន្យាផ្តល់កញ្ចប់ជំនួយ យោធាសន្ធឹកសន្ធាប់ពីប្រទេសចូលរួម ក្នុងនោះក៏រួមមានទាំងក្រុមនៃប្រទេសG7 ផងដែរ ដើម្បី ការយកឈ្នះលើរុស្ស៊ី។ លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី សៅ លីនីនីនស្តូ (Sauli Niinisto) ជួបជាមួយនាយករដ្ឋមន្ត្រីលោក Petteri Orpo នៃប្រទេសហ្វាំងឡង់ ដែលជាប្រទេ មានព្រំដែនប្រវែង១,៣០០គីឡូម៉ែត្រជាមួយនឹងរុស្ស៊ី។
ក្នុងដំណើរទៅកាន់ប្រទេសភាគខាងជើងនៃតំបន់ Nordic នោះទៀត, លោក ចូ បៃដិន បានជួប ជាមួយមេដឹកនាំប្រទេសស៊ុយអែត លោក Ulf Kristersson, ជួបមេដឹកនាំប្រទេសណ័រវ៉េ លោក Jonas Gahr Store, ជួបនាយករដ្ឋមន្ត្រីប្រទេសដាណម៉ាក លោកស្រី Mette Frederiksen និង ជួប មេដឹកនាំប្រទេសអ៊ីស្លង់លោកស្រី កាទ្រីន ចាកុបស្តូធៀ Katrin Jakobsdottir។
ប្រធានបទនៃកិច្ចពិភាក្សាជាមួយមេដឹកនាំទាំងនោះ គឺពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាង ប្រទេសក្នុងតំបន់ Nordic ជាមួយសហរដ្ឋអាមេរិកលើកត្តាសន្តិសុខ, បរិស្ថាននិងបច្ចេកវិទ្យា។
លោក ចូ បៃដិន គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចនៅទីក្រុង Helsinki ចាប់តាំងពីជំនួបកំពូលរបស់ លោក Donald Trump កាលពីប្រាំឆ្នាំមុន ជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin។
ប៉ុន្តែការធ្វើដំណើរក្នុងពេលនេះកើតឡើង បន្ទាប់ពីមានការប្រឈមមុខកាន់តែខ្លាំងរវាងរុស្ស៊ី និងអង្គការណាតូដែលបានចេញមុខធានាផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុសព្វបែបយ៉ាងដល់ អ៊ុយក្រែនដើម្បីការចង់ឱ្យរុស្ស៊ីបានចាញ់សង្គ្រាម។
លោក ចូ បៃដិន ក្នុងការថ្លែងសុន្ទរកថានៅក្នុងក្រុង Vilnius ពេលដែលមានកិច្ចប្រជុំអង្គការណាតូនោះ ប្រកាសថា «យើងនឹងមិនដកថយរួញរាឡើយ» មានន័យថា អង្គការណាតូនិង សហរដ្ឋអាមេរិកមិនព្រមឱ្យរុស្ស៊ីឈ្នះលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ លោក ចូ បៃដិនបានថ្លែងថា លោក ពូទីន នៅតែសង្ស័យនឹងអំណាចបន្តរបស់យើង… លោកពូទីននៅតែ លេងល្បែងភ្នាល់ដ៏អាក្រក់របស់គាត់ ក្នុងក្តីរំពឹងថា ជំនឿទុកចិត្តនិងសាមគ្គីភាពរួមគ្នារវាងសហ រដ្ឋអាមេរិកនិងប្រទេសក្រុមសម្ព័ន្ធនិងដៃគូរបស់យើង នឹងមានការបែកបាក់គ្នា»។
អង្គការណាតូ, សហរដ្ឋអាមេរិក និងប្រទេសជាដៃគូ ដើម្បីបង្ហាញនូវការរួមគ្នាប្រឆាំងរុស្ស៊ី, បាន ផ្តល់ជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់ថែមទៀត ដូចជាគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក , ការផ្តល់មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយរបស់បារាំង, ជំនួយយោធាពីប្រទេសអាល្លឺម៉ង់ និងពី ប្រទេសអង់គ្លេស, ចំណែកក្រុមប្រទេស G7 បានសន្យាជួយអ៊ុយក្រែនលើការ ផ្តល់ឧបករណ៍យោធា, ការហ្វឹកហ្វឺននិងការចែករំលែកព័ត៌មានសម្ងាត់។ ជាមួយគ្នានេះទៀត ប្រទេសក្នុងសម្ព័ន្ធចំនួន១១ប្រទេស បានបញ្ជាក់នូវគម្រោងចាប់ផ្តើមបង្វឹកអាកាសយានិក អ៊ុយក្រែននូវ ការបើកយន្តហោះ F-16 ដែលគ្រោងនឹងធ្វើក្នុងខែសីហាឆ្នាំ ២០២៣នៅក្នុងប្រ ទេសដាណា ម៉ាក។ ប្រទេសអូស្ត្រាលីក្នុងពេលនោះ បានសន្យាផ្តល់យានដឹកជញ្ជួនទាហាន Bushmaster Infantry Vehicle ចំនួន៣០គ្រឿង ដែលមានតម្លៃ៦៧លានដុល្លារផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានសរសេរលើបណ្តាញសង្គម Twitter បញ្ជាក់ ថាការជួបជុំគ្នាក្នុងក្រុង Vilnius កន្លងមកនេះ បាននាំមកនូវផ្លែផ្កាជាច្រើន។ លោកបានសរសេរបន្តថា អ៊ុយក្រែននឹងទទួលបានជំនួយយោធាសារុបជាង១ពាន់៥០០លាន ដុល្លារពីបណ្តាដៃគូអន្តរជាតិដែលបានចូលរួម។ ប្រទេសអ៊ុយក្រែនបានរៀបរាប់នូវជំនួយពីប្រ ទេសអាល្លឺម៉ង់ដែលរួមមានរថក្រោះLeopard 1A5 ចំនួន២៥គ្រឿង, និងកញ្ចប់ជំនួយយោធា ជាច្រើនទៀតពីបារាំង, អង់គ្លេស, ហូឡង់, កាណាដា, ណ័រវ៉េ, និងពីប្រទេសអូស្ត្រាលី។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិរបស់អូស្រ្តាលីលោក Richard Marles បាន បញ្ចេញការសង្ស័យលើសំណើមួយដែលចង់ពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន ដោយការផ្តល់
យន្តហោះចម្បាំងចាស់ៗដែលគេលែងប្រើប្រាស់ទៅហើយ។ លោក Richard Marles បាន ថ្លែងថាសំណើរកបំពាក់យន្តហោះចម្បាំងចាស់ៗបន្ថែមទៀតនោះ បង្កឱ្យមានជា"សំណួរដ៏ស្មុគស្មាញ" ។
នៅក្នុងរដ្ឋធានីគៀវនោះវិញ, អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ignat បាន និយាយថា ប្រព័ន្ធសព្វាវុធរបស់លោកខាងលិចដែលទើបផ្គត់ផ្គង់នាពេលថ្មីៗនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់គ្របដណ្តប់លើប្រទេសទាំងមូលនោះទេ។ សម្តីរបស់មន្ត្រីនាំពាក្យកងទ័ព អាកាសនេះ បានធ្វើឡើងក្រោយរដ្ឋធានីគៀវទើបបានរងការវាយប្រហារតាមផ្លូវអាកាស ជាបន្ថែមទៀតពីរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។
បើទោះបីជាអ៊ុយក្រែនបានអះអាងថាគេ បានបាញ់ទម្លាក់ដ្រូនរស្ស៊ីចំនួន២០គ្រឿងនិងបាញ់ទម្លាក់មីស៊ីល Cruise ចំនួន២គ្រឿងរបស់ រុស្ស៊ីក៏ដោយ, មន្ត្រីនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បានសារភាពថា ប្រព័ន្ធការពារអាកាស នៅមិនទាន់មានលទ្ធភាពអាចបាញ់ទម្លាក់គ្រាប់មីស៊ីលទំនើបរបស់រុស្ស៊ីបានឡើយ។ លោក Yuriy Ignat បានប្រាប់ទូរទស្សន៍ជាតិអ៊ុយក្រែនថា អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ថាគេ «មិន មានមធ្យោបាយបំផ្លាញគ្រាប់មីស៊ីលបាលីស្ទីក» របស់សត្រូវបានឡើយ។
កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា គេនៅតែស្វែងរកព័ត៌មានស្តីពី "ផលវិបាក" នៃការបាញ់មីស៊ីលបាលីស្ទីក Iskander-M របស់រុស្ស៊ីពីតំបន់គ្រីមៀរដែលរុស្ស៊ីកាន់ កាប់ដើម្បីរកវិធីទប់ទល់។
សង្គ្រាមអ៊ុយក្រែនបានឈានដល់៥០៥ថ្ងៃហើយគិតត្រឹមថ្ងៃសុក្រទី១៤កក្កដាឆ្នាំ២០២៣។ ការ វាយប្រហារតាមផ្លូវអាកាសដែលបានបញ្ជាក់នៅថ្ងៃសុក្រនេះ ដោយកាសែត The Guardian មានមនុស្សស្លាប់៣នាក់ក្នុងនោះម្នាក់អាយុជាង៤០ឆ្នាំនៅក្នុងតំបន់ហ្សាប៉ូរីហ្សៀ, និង២នាក់ អាយុ៦០ឆ្នាំនិង៨៥ឆ្នាំបានស្លាប់ក្នុងក្រុងSumy និងក្រុង Kherson ដោយសារការវាយប្រហារ របស់រុស្ស៊ី។
សេចក្តីរាយការណ៍ថ្ងៃសុក្រនេះទៀតបានដកស្រង់សម្តីមេបញ្ជាការកងទ័ពអ៊ុយក្រែនម្នាក់ឈ្មោះ Oleksandr Tarnavsky បានបញ្ជាក់ការទទួលបានគ្រាប់បែកចង្កោមផ្តល់ពី សហរដ្ឋអាមេរិកប៉ុន្តែគេនៅមិនទាន់បានប្រើប្រាស់នៅលើសមរភូមិឡើយ។ អ៊ុយក្រែនមាន ជំនឿថា ជាមួយនឹងគ្រាប់បែកចង្កោមនេះ គឺនឹងអាចរុញច្រានរុស្ស៊ីចេញពីទឹកដីភាគខាងកើត តាមរយៈការធ្វើយុទ្ធនាការ Counter Offensive ក្នុងរដូវប្រាំងនេះ។ រុស្ស៊ីមុននេះបានព្រមាន ថានឹងប្រើប្រាស់គ្រាប់បែកចង្កោមរបស់ខ្លួនវិញ ប្រសិនណាបើអ៊ុយក្រែននឹងប្រើគ្រាប់បែក ចង្កោមអាមេរិកដាក់លើសមរភូមិ៕