(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសក្នុងតំបន់​ ត្រូវតែដាក់សម្ពាធលើរបបយោធា ដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា ឱ្យទម្លាក់អាវុធរបស់ខ្លួន ហើយត្រលប់ទៅរកការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២៣។

លោក Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មុនកិច្ចប្រជុំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ ដូច្នេះថា «នៅក្នុងប្រទេសមីយ៉ាន់ម៉ា យើងត្រូវដាក់សម្ពាធឱ្យរបបយោធាបញ្ឈប់អំពើហិង្សា និងអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុចរបស់អាស៊ាន ដើម្បីគាំទ្រការវិលត្រឡប់ទៅរកការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឡើងវិញ»

គួរបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងសប្តាហ៍នេះបានជួបប្រជុំគ្នានៅទីក្រុងហ្សាការតា ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ មានចាប់តាំងពីវិវាទ​នៅសមុទ្រចិនខាងត្បូង រហូតដល់វិបត្តិនៅមីយ៉ាន់ម៉ា។

ប្រទេសមីយ៉ាន់ម៉ាបានទទួលរងនូវអំពើហិង្សាបង្ហូរឈាម ចាប់តាំងពីរដ្ឋប្រហារយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់ លោកស្រី Aung San Suu Kyi កាលពីជាងពីរឆ្នាំមុន ដែលនាំឱ្យមានការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមប្រឆាំង និងបិទបញ្ចប់ការពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលខ្លីរបស់ប្រទេសមួយនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍សបា្ដហ៍នេះ ក្រុមប្រមុខការទូតអាស៊ាន បានថ្កោលទោស ចំពោះអំពើហិង្សាដែលនៅតែ បន្តកើតមាននៅមីយ៉ាន់ម៉ា ក្នុងនោះមានដូចជាការវាយប្រហារតាមផ្លូវអាកាស ការបាញ់ផ្លោងកាំភ្លើងធំ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕