(ញូដេលី)៖ នៅរសៀលថ្ងៃសុក្រនេះ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានបាញ់បង្ហោះរ៉ុក្កែតអវកាសមួយ ដែលនឹងបញ្ជូនយានរ៉ូបូតឱ្យទៅព្យាយាមចុះចត នៅលើតំបន់ប៉ូលខាងត្បូងនៃផ្ទៃព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។
រ៉ុក្កែតអវកាសខាងលើ LVM3 ត្រូវបានបាញ់ចេញពីមូលដ្ឋានបង្ហោះយានអវកាស ដែលស្ថិតក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ បេសកកម្មដែលមានឈ្មោះថា Chandrayaan-3 នឹងមើលឃើញមានការដាក់ពង្រាយ យានចុះចត (lander) ហើយនិងយានអាចចល័តបាន (rover) ទៅលើតំបន់ក្បែរប៉ូលខាងត្បូងនៃផ្ទៃព្រះចន្ទ នៅខ្ទង់ថ្ងៃទី២៣ ខែសីហា ខាងមុខនេះ។ គិតមកទល់បច្ចុប្បន្ន មានតែសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៉ី) និងចិន ប៉ុណ្ណោះ ដែលបាននាំយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទ ដោយជោគជ័យ ប៉ុន្តែមិនធ្លាប់មានយានទៅចុះនៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ នៅឡើយទេ។
គួរបញ្ជាក់ថា បេសកកម្ម Chandrayaan-3 រួមមានយាន lander កម្ពស់២ម៉ែត្រមួយគ្រឿង ដែលត្រូវបានរចនាឱ្យអាចបញ្ចេញ យាន rover មួយគ្រឿងទៀត ឱ្យបរនៅលើផ្ទៃចន្ទ។ យាន rover នោះ ត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការបានរយៈពេលប្រហែល ២សប្តាហ៍ ដើម្បីអនុវត្តការងារពិសោធផ្សេងៗ។ ដោយឡែក កាលពីអំលុងបេសកកម្ម Chandrayaan-2 ឥណ្ឌាបានទទួលជោគជ័យ ក្នុងការដាក់ពង្រាយយានផ្កាយរណប (orbiter) ទៅកាន់គន្លងក្បែរឋានព្រះចន្ទ ប៉ុន្តែយាន lander និង rover នៃបេសកកម្មនោះ ត្រូវធ្លាក់ខូច ក្រោយធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទពេញទំហឹង៕