(ប៉េកាំង)៖ ថ្ងៃទី១៣ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក WangYiប្រធានការិយាល័យនៃគណៈកម្មការ កិច្ចការបរទេសមជ្ឈិមចិន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងអាស៊ាន (១០បូក១) នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាននិងអគ្គលេខាធិការអាស៊ាន ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។
លោកWang Yiបានថ្លែងថា ប្រទេសចិននិងអាស៊ានបានអនុវត្តយ៉ាងសកម្ម នូវកម្មវត្ថុនិងគោលការណ៍នៃ《សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍》ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ និងទទួលបានជោគជ័យលើផ្លូវត្រឹមត្រូវមួយ ដែលមានភាពសុខដុមរមនានិងមេត្រីភាព ជាមួយប្រទេសជិតខាងក្នុងរយៈពេលយូរ និងទទួលបានការអភិវឌ្ឍ និងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា។ ភាគីទាំងពីររួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនា រួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" រួមគ្នាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាព។ ដោយអនុលោមតាមទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបរិយាបន្ន ដែលត្រូវបានលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន យើងនឹងរួមគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ានឱ្យវិវឌ្ឍទៅមុខជាបន្តបន្ទាប់ ដើម្បីរួមចំណែកថ្មីដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់នេះ។
ភាគីនានាបានថ្លែងអំណរគុណដល់ភាគីចិនក្នុងការគាំទ្រឋានៈជាស្នូលនិងការកសាងសហគមន៍រួមវាសនារបស់អាស៊ាន ហើយបានកោតសរសើរចំពោះភាគីចិនដែលបាននាំមុខផ្តួចផ្តើមគំនិតក្នុងការចុះហត្ថលេខាលើពិធីសារនៃ《សន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍》។ រំពឹងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិន នឹងឈានដល់កម្រិតថ្មីនិងទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន