(បាងកក)៖ មេដឹកនាំគណបក្ស ភឿថៃ (Pheu Thai) លោក ឆុនឡាណាន ស្រ៉ីកែវ (Chonlanan Srikaew) នៅថ្ងៃសុក្រនេះ បានចេញមុខអះអាងថា គណបក្សរបស់លោក នឹងបន្តស្ថិតនៅក្នុងក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward ដដែល ហើយនិងមិនផ្លាស់ប្តូរទៅឈរខាងផ្សេងឡើយ ទោះបីមេដឹកនាំរបស់ Move Forward គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ពុំបានជាប់ជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតជ្រើសរើសនៅសភា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។
លោក ឆុនឡាណាន បាននិយាយថា គណបក្ស Pheu Thai នៅតែបន្តទទួលស្គាល់ភាពស្របច្បាប់របស់គណបក្ស Move Forward ក្នុងនាមជាគណបក្សស្នូល ដែលមានសិទ្ធិដឹកនាំបង្កើតរដ្ឋាភិបាលថ្មី ដោយសារ Move Forward ជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា កាលពីអំលុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា។ ជាមួយគ្នានេះ លោកបានច្រានចោល សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ដែលថាបក្ស Pheu Thai អាចនឹងផ្លាស់ប្តូរទៅនៅខាងផ្សេង ជាសេចក្តីរាយការណ៍ព័ត៌មានដែលគ្មានមូលដ្ឋាន។ បើតាមការយល់ឃើញរបស់លោក ឆុនឡាណាន វាក៏ទំនងជារឿងមិនអាចទៅរួចផងដែរ ដែលគណបក្ស Move Forward នឹងផ្លាស់ប្តូរគោលជំហរទៅធ្វើជាបក្សប្រឆាំងវិញនោះ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៅក្នុងប្រទេសថៃ ត្រូវធ្វើឡើងក្នុងសំឡេងរួមគ្នារវាងរដ្ឋសភាដែលមានសមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក២៤៩នាក់។ សមាជិករដ្ឋសភា ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតរបស់ប្រជាជន ខណៈសមាជិកព្រឹទ្ធសភា គឺត្រូវបានតែងតាំងដោយយោធាថៃ។ ដូច្នេះដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី លោក Pita ត្រូវការសំឡេងគាំទ្រសរុបយ៉ាងតិច៣៧៥សំឡេង ពីតំណាងរាស្រ្តសរុប (សមាជិករដ្ឋសភានិងព្រឹទ្ធសភារួមបញ្ចូលគ្នា)។
យ៉ាងណាមិញ ក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Pita ទទួលបានការគាំទ្រត្រឹមតែ៣២៤សំឡេងប៉ុណ្ណោះ ដោយនៅខ្វះចំនួន៥១សំឡេងទៀត។ តំណាងរាស្រ្តថៃសរុប៧០៥នាក់ ក្នុងចំណោម៧៤៩នាក់ បានចូលរួមបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ហើយក្នុងនោះរួមមាន ១៨២នាក់ ដែលបានបោះក្នុងសំឡេងប្រឆាំង និង១៩៩នាក់បានបោះក្នុងសំឡេងអនុបវាទ។ ហេតុនេះហើយ សភាថៃនឹងត្រូវបើកសម័យប្រជុំរួម ដើម្បីបោះឆ្នោតសាជាថ្មីម្តងទៀត នៅថ្ងៃទី១៩ ខែកក្កដា ខណៈវាមិនទាន់ច្បាស់នៅឡើយទេថា តើលោក Pita នឹងត្រូវចាត់តាំងជាបេក្ខជននាយករដ្ឋមន្រ្តីម្តងទៀត ហើយអាចមានបេក្ខជនផ្សេងចូលរួមប្រកួតប្រជែង ដែរឬយ៉ាងណា៕