(ញូដេលី)៖ អាជ្ញាធរបាននិយាយថា នៅថ្ងៃសុក្រនេះ តំបន់ជាច្រើននៃរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា ត្រូវជន់លិចបន្ទាប់ពី ទឹកពីទន្លេយ៉ាម៊ូណា (Yamuna) ដែលហូរកាត់ទីក្រុងនេះ បានហូរចូលតាមទំនប់បង្ហូរដែលខូចខាត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។

អភិបាលតំបន់ បាននិយាយថា ទំនប់ទឹកដែលមានទីតាំងនៅជិតស្ថានីយ៍រថភ្លើងក្រោមដីអ៉ីនដ្រាប្រាស់ថា (Indraprastha) ស្ថិតក្នុងសភាពខូចខាតជាយូរមកហើយ និងបានដួលរលំនៅម៉ោងប្រហែល ៧យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ។ ការខូចខាតបណ្តាលឲ្យទឹកជន់លិចទន្លេ Yamuna ហូរទៅចូលក្នុងទីក្រុងញូដេលី។ ទីតាំងសំខាន់ៗដូចជា ផ្លូវជុំវិញវិមានចងចាំរជ្ជហាត (Rajghat) ការិយាល័យឯកជន និងរដ្ឋាភិបាលជាច្រើន រួមទាំងទីស្នាក់ការកណ្តាលរបស់ប៉ូលីសទីក្រុងញូដេលី ក៏រងនូវការជន់លិចផងដែរ។ បើតាមអភិបាលក្រុងញូដេលី លោក អាវីន ខេចរីវ៉ាល (Arvind Kejriwal) ជំនួយក៏កំពុងត្រូវបាននាំយកទៅជួយសង្រ្គោះ ដោយកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងកងទ័ព។

គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឲ្យឃើញ ផ្លូវជុំវិញទីក្រុងប្រវត្តិសាស្រ្តរ៉េដហ្វត (Red Fort) ដ៏ល្បីល្បាញមួយនៃប្រទេសឥណ្ឌាត្រូវបានជន់លិចទាំងស្រុង ខណៈរថយន្តដឹកទំនិញ និងរថយន្តក្រុងដែលខូចត្រូវទុកបង់ចោល នៅតាមកន្លែងជាច្រើន ហើយឃើញតែកញ្ចក់មុខ និងដំបូលប៉ុណ្ណោះនៅក្នុងទឹកជំនន់៕