(បាងកក)៖ គណបក្ស Move Forward បានប្រកាសនៅថ្ងៃសុក្រនេះអំពីផែនការ ដើម្បីរារាំងកុំឱ្យសមាជិកព្រឹទ្ធសភាថៃមានសិទ្ធិ នៅក្នុងដំណើរការជ្រើសរើស នាយករដ្ឋមន្រ្តីតទៅទៀត មួយថ្ងៃបន្ទាប់ពីលោក Pita Limjaroenrat បានទទួលបរាជ័យក្នុងការស្វែងរកសំឡេងគាំទ្រឱ្យគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។
គោលការណ៍ដែលតម្រូវឱ្យតំណែងនាយករដ្ឋមន្រ្តី ត្រូវតែឆ្លងកាត់ការបោះឆ្នោតជ្រើសរើសរួមគ្នា រវាងសមាជិករដ្ឋសភាចំនួន៥០០នាក់ និងសមាជិកព្រិទ្ធសភាចំនួន២៤៩នាក់ទៀតបែបនេះ គឺជាប្រព័ន្ធរៀបចំឡើងដោយអតីតរដ្ឋាភិបាលយោធាថៃ ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ដែលត្រូវគេមើលឃើញថា ជាខែលស្របតាមរដ្ឋធម្មនុញ្ញ សម្រាប់ជួយការពារផលប្រយោជន៍ របស់យោធានិងក្រុមអភិរក្សនិយម ដ្បិតសមាជិកព្រឹទ្ធសភាទាំងនោះ គឺត្រូវបានតែងតាំងដោយរបបយោធា។
នៅថ្ងៃសុក្រនេះ អគ្គលេខាធិការបក្ស Move Forward លោក ឆៃថាវ៉ាត់ ធូឡាថន (Chaithawat Tulathon) បាននិយាយដូច្នេះថា «ដោយហេតុតែក្រុមសមាជិកព្រឹទ្ធសភា ហាក់មិនសូវចង់ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីទេនោះ ហេតុអ្វីក៏មិនបោះបង់សិទ្ធិនេះចោលវិញតែម្តងទៅ?»។ បើតាមលោក ឆៃថាវ៉ាត់ គណបក្សរបស់លោក នឹងព្យាយាមរឹតត្បិតអំណាចរបស់ព្រឹទ្ធសភា តាមរយៈការដាក់ញត្តិស្នើធ្វើវិសោធនកម្មចំពោះមាត្រា២៧២នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែវាអាចនឹងត្រូវប្រើពេលប្រហែល១ខែ។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតនៃសម័យប្រជុំរួមគ្នារវាងរដ្ឋសភានិងព្រឹទ្ធសភាថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Pita ប្រធានបក្ស Move Forward ទោះជាបេក្ខជនតែម្នាក់ឯងគត់ក៏ដោយ គឺទទួលបានសំឡេងគាំទ្រត្រឹម៣២៤សំឡេង ពោលគឺមិនគ្រប់៣៧៥សំឡេង ដែលចាំបាច់ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តីឡើយ ដោយសារតែតំណាងរាស្រ្តជាច្រើនបានបោះឆ្នោតប្រឆាំង និងអនុបវាទ។ ក្នុងចំណោមសំឡេងគាំទ្រ៣២៤នោះ លោក Pita ទទួលបានតែ១៣សំឡេងប៉ុណ្ណោះ ពីសមាជិកព្រឹទ្ធសភា។ សភាថៃបានប្រកាសថា នឹងរៀបចំការបោះឆ្នោតម្តងទៀតនៅសប្តាហ៍ក្រោយ៕