(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ នៅថ្ងៃសុក្រនេះ បាននិយាយថា អាស៊ានមិនអាចក្លាយជា កូនអុកសម្រាប់ឱ្យ​ប្រទេសដទៃប្រើប្រាស់ឡើយ ស្របពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន មានការកើនឡើងជុំវិញបញ្ហាផ្សេងៗ នៅក្នុងតំបន់​ឥណ្ឌូ-ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។

ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងសប្តាហ៍នេះបានជួបប្រជុំគ្នានៅទីក្រុងហ្សាការតា ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ មានចាប់តាំងពីវិវាទ​នៅសមុទ្រចិនខាងត្បូង រហូតដល់វិបត្តិនៅមីយ៉ាន់ម៉ា។ ការខ្វែងគំនិតជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បានធ្វើឱ្យសមាជិកអាស៊ានមួយចំនួន មិនសូវត្រូវគ្នាជាមួយទីក្រុងប៉េកាំង ហើយជួយជំរុញគោលជំហររបស់សហរដ្ឋអាមេរិក ដែលប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពល​របស់ចិននៅក្នុងតំបន់ ខណៈសមាជិកអាស៊ានខ្លះទៀតគាំទ្រទីក្រុងប៉េកាំង។

ថ្លែងទៅកាន់ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក វីដូដូ បានលើកឡើងយ៉ាងដូច្នេះថា «អាស៊ានមិនអាចក្លាយជាកន្លែងប្រកួតប្រជែង ឬ​ជាកូនអុកសម្រាប់ឱ្យ ប្រទេសណាមួយប្រើប្រាស់នោះឡើយ ហើយច្បាប់អន្តរជាតិគួរតែត្រូវបានគោរពឱ្យខ្ជាប់ខ្ជួន។ ពួកយើងដែលស្ថិតក្នុង​អាស៊ាន គឺត្រូវរួមគ្នាប្តេជ្ញាពង្រឹងសាមគ្គីភាព និងមជ្ឈិមភាពអាស៊ាន ដើម្បីរក្សាការពារសុខសន្តិភាពនិងស្ថិរភាពរបស់តំបន់»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោក បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជុំវិញបញ្ហាជាច្រើន រួមមានទាំងបញ្ហាជុំវិញកោះតៃវ៉ាន់។ កិច្ចប្រជុំប្រមុខការទូតអាស៊ាននៅទីក្រុងហ្សាការតា ក៏មានការចូលរួមពីចិននិង​សហរដ្ឋអាមេរិកផងដែរ ហើយមន្រ្តីការទូតកំពូលរបស់ចិន លោក វ៉ាង យី និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន បានជួបជជែកគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្រៅកិច្ចប្រជុំ៕