(តូក្យូ)៖ មន្រ្តីទីក្រុងតូក្យូបានឱ្យដឹងថា ម៉ាស៉ីនរ៉ុក្កែតអវកាសមួយបានផ្ទុះឆេះ អំឡុងការធ្វើតេស្តនាថ្ងៃសុក្រនេះ ខណៈវាគឺជាផលប៉ះពាល់អវិជ្ជមានថ្មីមួយទៀត ចំពោះកិច្ចប្រឹងប្រែងនៃវិស័យអវកាសរបស់ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។

មន្រ្តីនៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជប៉ុន បាននិយាយថា ម៉ាស៉ីនគ្រាប់រ៉ុក្កែត Epsilon S ដែលជាជំនាន់ប្រសើរមុននៃរ៉ុក្កែត Epsilon ដែលបានទទួលបរាជ័យ ក្នុងការបាញ់បង្ហោះកាលពីខែតុលា ឆ្នាំ២០២២ បានផ្ទុះឆេះនៅវិនាទីទី៥០ ក្រោយការបញ្ឆេះ។ ឃ្លីបវីដេអូពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានបង្ហាញឱ្យឃើញ ទីតាំងធ្វើតេស្តដែលស្ថិតនៅខេត្តអាគីតា (Akita) ភាគខាងជើងប្រទេស មានអណ្តាតភ្លើងឆាបឆេះ ហើយដុំពពកផ្សែងពណ៌ប្រផេះធំមួយ ហុយឡើងទៅលើផ្ទៃអាកាស។

ការធ្វើតេស្តខាងលើ គឺជាការសាកល្បងបញ្ឆេះម៉ាស៉ីនរបស់រ៉ុក្កែត Epsilon S ខណៈជប៉ុនមានផែនការបាញ់បង្ហោះរ៉ុក្កែតអវកាសនេះ នៅឆ្នាំក្រោយ។ ទីភ្នាក់ងារអវកាសជប៉ុន JAXA មិនទាន់បានរាយការណ៍ថា មានមនុស្សរងគ្រោះថ្នាក់ ក្នុងហេតុការណ៍នោះនៅឡើយទេ ហើយកំពុងតែស៉ើបអង្កេតរកមូលហេតុ ដែលបណ្តាលឱ្យ​មានការផ្ទុះឆេះម៉ាស៉ីនគ្រាប់រ៉ុក្កែត។

គួរបញ្ជាក់ថា ការផ្ទុះឆេះខាងលើកើតមានឡើង បន្ទាប់ពីទីក្រុងតូក្យូបានទទួលបរាជ័យកាលពីខែមីនា ឆ្នាំនេះ ក្នុងការព្យាយាមបាញ់បង្ហោះជាលើកទី២ នូវគ្រាប់រ៉ុក្កែតអវកាសជំនាន់ថ្មី H3 ហើយនិងបរាជ័យនៃការបង្ហោះរ៉ុក្កែត Epsilon កាលពីខែតុលា ឆ្នាំមុន។ បរាជ័យនៃការ​បាញ់រ៉ុក្កែតអវកាស Epsilon គឺជាលើកដំបូងសម្រាប់ប្រទេសជប៉ុន ក្នុងរយៈពេលជិត ២ទសវត្សរ៍ និងតែមួយលើកគត់ សម្រាប់រ៉ុក្កែតត្រកូលនេះ ដែលធ្លាប់បំពេញបេសកកម្ម៥ដងរួចទៅហើយ ដោយជោគជ័យ គិតចាប់តាំងពីពេលវាត្រូវបានចាប់ផ្តើមប្រើប្រាស់ដំបូង កាលពីឆ្នាំ២០១៣៕