(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា មន្រ្តីការទូតកំពូលរបស់ទីក្រុងប៉េកាំង លោក វ៉ាង យី (Wang Yi) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការជាមួយចិន ដើម្បីជំរុញទំនាក់ទំនងឱ្យមានភាពប្រសើរឡើង អំឡុងជំនួបជាមួយលោក អាន់តូនី ប៊ីនខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។
ជំនួបខាងលើដែលបានប្រព្រឹត្តទៅ នៅក្រៅកិច្ចប្រជុំប្រមុខការទូតអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺជាជំនួបថ្មីចុងក្រោយគេ ក្នុងចំណោមការធ្វើប្រាស្រ័យទាក់ទងគ្នា ជាបន្តបន្ទាប់ក្នុងកម្រិតខ្ពស់រវាងចិន-អាមេរិក អំឡុងមួយរយៈពេលកន្លងមកនេះ ខណៈដែលភាគីទាំងពីរ កំពុងព្យាយាម បន្ធូរបន្ថយភាពតានតឹង។ វាក៏ជាជំនួបលើកទី២ផងដែរ ក្នុងរយៈពេលជិត១ខែ រវាងលោក វ៉ាង និងលោក ប៊្លីនខិន។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក កាលពីខែមិថុនា បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយជួបលោក វ៉ាង យី នៅទីនោះ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនាថ្ងៃសុក្រនេះ ដោយក្រសួងការបរទេសចិន អំឡុងជំនួបនៅទីក្រុងហ្សាការតា លោក វ៉ាង បានប្រាប់លោក ប៊្លីនខិន ថា ទីក្រុងវ៉ាស៉ីនតោនត្រូវប្រកាន់ជំហរសមហេតុសមផលនិងជាក់ស្តែង ហើយធ្វើការជាមួយចិនក្នុងទិសដៅស្របគ្នា។ មិនតែប៉ុណ្ណោះ មន្រ្តីការទូតកំពូលចិនរូបនេះ ក៏បានទទូចឱ្យសហរដ្ឋអាមេរិក ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន តទៅទៀតផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន បានកើនឡើងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើន រួមមានទាំងពាណិជ្ជកម្ម តៃវ៉ាន់ សមុទ្រចិនខាងត្បូង និងទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយរុស្ស៉ី។ ដំណើរទស្សនកិច្ចរបស់លោក ប្ល៊ីនខិន នៅទីក្រុងប៉េកាំង កាលពីខែមុន គឺជាទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្រ្តីការបរទេសអាមេរិកនៅចិន គិតក្នុងរយៈពេល៥ឆ្នាំ។ បន្ទាប់មកទៀត កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណិត យេលែន (janet Yellen) ក៏បានទៅបំពេញទស្សនកិច្ចនៅចិនដូចគ្នា ខណៈដែលប្រសិតអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុ គឺលោក ចន ខឺរី (John Kerry) នឹងត្រូវធ្វើទស្សនកិច្ចទៅប្រទេសចិន ថែមទៀត នាសប្តាហ៍ក្រោយនេះ៕