(ស៉ីដនី)៖ ប្រទេសដីកោះសូឡូម៉ុន បានបដិសេធការលើកឡើងរបស់អូស្ត្រាលី និងប្រទេសដទៃទៀតដែលថា កិច្ចព្រមព្រៀងប៉ូលិសរបស់ខ្លួនជាមួយទីក្រុងប៉េកាំង គឺជា «ការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ប៉ាស៉ីហ្វិក» ហើយថាចិនមកពង្រឹងសមត្ថភាពការពារសន្តិសុខតាមអ៉ីនធឺណិត និងក្នុងសហគមន៍ដល់មន្ត្រីប៉ូលិសសូឡូម៉ុនចំនួន ១,៥០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ បានអំពាវនាវឲ្យសូឡូម៉ុន ចេញផ្សាយនូវព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងប៉ូលិសរយៈពេល ៣ឆ្នាំ ដែលបានចុះហត្ថលេខានៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ម៉ាណាសេហ៍ សូហ្កាវ៉ា (Manasseh Sogavare) ទៅកាន់ប្រទេសចិន។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ ការិយាល័យរបស់សូហ្កាវ៉ា បានឲ្យដឹងថា ប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិកកំពុងពង្រីកភាពជាដៃគូសន្តិសុខរបស់ខ្លួន ហើយប៉ូលិសចិននឹងបន្ថែមការគាំទ្រពីលើការជួយរបស់ប៉ូលិសអូស្ត្រាលី និងនូវែលសេឡង់ដែលមានស្រាប់។ សេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា «គ្មាននរណាម្នាក់ចេះគ្រប់មុខទេ។ កិច្ចសហប្រតិបត្តិការរបស់សូឡូម៉ុន ជាមួយចិន និងដៃគូទាំងអស់គឺផ្អែកលើគោលការណ៍សមភាព ការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី»។

គួរបញ្ជាក់ថា សូឡូម៉ុន បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនកាលពីឆ្នាំ ២០២២។ ដោយសារតែជាទីតាំងយុទ្ធសាស្ត្រមួយនៃប្រជុំកោះប៉ាស៉ីហ្វិក សូឡូម៉ុនដែលមានប្រជាជនចំនួន ៧០០,០០០នាក់ ធ្លាប់ជាចំណុចសំខាន់សម្រាប់កងកម្លាំងរបស់សហរដ្ឋអាមេរិកផ្លាស់ទីទៅភាគខាងលិច ដើម្បីរំដោះហ្វីលីពីនក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ ភាពតានតឹងលើកោះតៃវ៉ាន់បានបង្កើនការព្រួយបារម្ភពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ជុំវិញការបំពាក់កងទ័ពជើងទឹករបស់ចិននៅក្នុងតំបន់នេះ៕