(កៀវ)៖ អ៊ុយក្រែន បានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកហើយ បើទោះជាអាវុធប្រភេទនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសច្រើនជាង ១០០ក៏ដោយ ប៉ុន្តែទីក្រុងកៀវ បានសន្យាថានឹងប្រើប្រាស់ដើម្បីកម្ទេចទាហានសត្រូវតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យប្រចាំទីបញ្ជាការយោធាអ៊ុយក្រែនភូមិភាគខាងត្បូង លោក វ៉ាឡឺរី សឺសិន (Valeryi Shershen) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាក់ពី សេចក្តីប្រកាសរបស់មេបញ្ជាការរបស់លោកថាគ្រាប់បែកចង្កោម អ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោម មួយសប្តាហ៍ បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកថានឹង បញ្ជូនមកជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាតម្លៃ ៨០០លានដុល្លារ។ ចំណែកឯ​ខាងមន្ទីរបញ្ចកោណ ក៏បានទទួលស្គាល់ដែរថាគ្រាប់បែកចង្កោមត្រូវបានបញ្ជូនទៅដល់ដៃ យោធាអ៊ុយក្រែនហើយ។

យ៉ាងណាក៏ដោយ លោក សឺសិន បានគូសបញ្ជាក់ដូច្នេះថា «គ្រាប់បែកចង្កោមនឹងត្រូវប្រើប្រាស់យ៉ាងតឹងរ៉ឹងក្នុងក្របខណ្ឌច្បាប់ ដោយសម្រាប់តែលើទឹកដីរបស់យើង ដែលត្រូវបានដណ្តើមកាន់កាប់ប៉ុណ្ណោះ»

គួរបញ្ជាក់ថា អ៊ុយក្រែន បានបើកប្រតិបត្តិការវាយបក ដោយផ្តោតលើការដណ្តើមយកក្រុមភូមិនានានៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស និងដណ្តើមយកមកវិញ នូវតំបន់ជុំវិញទីក្រុងបាកមូត Bakhmut ភាគខាងកើតដែលត្រូវចាប់យកដោយកងកម្លាំងរុស្ស៉ី កាលពីខែឧសភាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ៕