(ញូដេលី)៖ ឥណ្ឌា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងបារាំង Rafale បន្ថែម ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ខណៈ លោកនាយករដ្ឋមន្ត្រី ណារិន ដ្រាម៉ូឌី (Narendra Modi) កំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉ារីសរយៈពេល ២ថ្ងៃ ហើយគេនឹងបានឃើញលោកចូលរួមជាភ្ញៀវកិត្តិយស នៃការប្រារព្ធបុណ្យជាតិបារាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការពារជាតិឥណ្ឌា បានប្រកាសថា ទីក្រុងញូដេលី មានបំណងបញ្ជាទិញយន្តហោះ Rafale ចំនួន ២៦គ្រឿង ព្រមទាំងនាវាមុជទឹកប្រភេទស្ក័រពែន (Scorpene-class) ចំនួន ៣គ្រឿង ដោយតម្លៃ និងលក្ខខណ្ឌផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការចរចា។ ថ្លែងចេញពីទីក្រុងប៉ារីស និងនៅចំពោះមុខប្រជាជនឥណ្ឌាជាច្រើននាក់ ក្នុងប្រទេសបារាំង កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ម៉ូឌី បានគូសបញ្ជាក់ថា «ភាពស្និទ្ធស្នាលនេះមិនត្រូវបានកំណត់ចំពោះតែមេដឹកនាំនៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពមិនផ្លាស់ប្តូររវាងឥណ្ឌា និងបារាំង»។

គួរបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមអ្នកទិញអាវុធដ៏ធំបំផុតរបស់បារាំង ហើយកាលពីអំឡុងទស្សនកិច្ចទីក្រុងប៉ារីសឆ្នាំ២០១៥ លោក ម៉ូឌី ធ្លាប់បាន ប្រកាសកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿងដែរ។ ទោះបីជាមានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងលើបញ្ហា សិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌាក៏ដោយ ប៉ុន្តែគោលនយោបាយរបស់លោកខាងលិចបានរាប់បញ្ចូលលោក ម៉ូឌី និងឥណ្ឌាថាជាសម្ព័ន្ធមិត្តមួយមិនអាចខ្វះបាន ដើម្បីទប់ទល់ នឹងការកើនឡើងឥទ្ធិពលចិន ក្នុងតំបន់អាស៊ី៕