(ហ្សាការតា)៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានអះអាងឡើងវិញសាជាថ្មីពីគោលជំហររបស់ខ្លួនថាផែនការសន្តិភាព ៥ចំណុច នៅតែ ជាគោលការណ៍ចម្បងក្នុងការដោះស្រាយវិបត្តិនយោបាយដែលកំពុងឡើងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍សបា្ដហ៍នេះ ក្រុមប្រមុខការទូតអាស៊ានក៏បានថ្កោលទោសផងដែរចំពោះអំពើហិង្សាដែលនៅតែ បន្តកើតមាននៅមីយ៉ាន់ម៉ា ក្នុងនោះមានដូចជាការវាយប្រហារតាមផ្លូវអាកាស ការបាញ់ផ្លោងកាំភ្លើងធំ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
សេចក្ដីថ្លែងការណ៍រួមនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «ក្រុមរដ្ឋមន្ត្រីការបរទេសបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមធ្វើសកម្មភាពជាក់ស្ដែង ដើម្បីបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សាគ្រប់ទម្រង់ទាំងអស់ ព្រមទាំងថ្កោលទោសរាល់សកម្មភាពដែលនាំឱ្យអំពើហិង្សាកើនឡើង»។ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានលើកឡើងផងដែរពី ភាពចាំបាច់ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចការផ្ដល់ជំនួយមនុស្សធម៌ និងការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិប្រកបដោយបរិយាបន្ន។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ានមួយផងនោះ បានធ្លាក់ក្នុងភាពចលាចលនៃអំពើហិង្សា ចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះ ហើយអាស៊ានក៏បានដាក់ ចេញផែនការសន្តិភាព ៥ចំណុចផងដែរ ក្នុងនោះរួមមានទាំងការស្នើឱ្យបញ្ឈប់ភ្លាមៗរាល់អំពើហិង្សាគ្រប់ទម្រង់ និងរៀបចំកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា រវាង ភាគីពាក់ព័ន្ធជាដើម ដើម្បីដោះស្រាយបិទបញ្ចប់ជម្លោះសព្វថ្ងៃ តែមិនទាន់ទទួលបានផលអ្វីនោះឡើយ៕