(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រ៉េសនីកូវ (Oleksiy Reznikov) បានអះអាងថាក្រុមប្រទេសជាដៃគូរបស់អ៊ុយក្រែន បានសន្យាផ្ដល់ជំនួយ យោធាក្នុងទំហំទឹកប្រាក់ ១.៥ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ១.៦៨ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ អំឡុងកិច្ចប្រជុំកំពូល NATO ក្នុងសប្ដាហ៍នេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំកំពូល NATO ក្នុងរដ្ឋធានីនៃប្រទេសលីទុយអានី កាលពីថ្ងៃអង្គារ និងថ្ងៃពុធកន្លង ទៅនេះ លោក រ៉េសនីកូវ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «កិច្ចប្រជុំក្នុងទីក្រុងវីលនីញូសពិតជាសម្រេចបាននូវលទ្ធផលផ្លែផ្កា...អ៊ុយក្រែនទទួលបានការសន្យាផ្ដល់ ជំនួយយោធាទំហំ ១.៥ពាន់លានអឺរ៉ូ ពីបណ្ដាប្រទេសជាដៃគូអន្តរជាតិរបស់ខ្លួន»។
គួរបញ្ជាក់ថា បើតាមលោក រ៉េសនីកូវ នៅក្នុងកញ្ចប់ជំនួយយោធាខាងលើ ក្នុងនោះរួមមានជំនួយយោធា ៧០០លានអឺរ៉ូ ដែលសន្យាផ្ដល់ដោយប្រទេសអាល្លឺម៉ង់ ក្នុងនោះរួមមានទាំង រថក្រោះប្រយុទ្ធ Leopard 1A5 ចំនួន ២៥គ្រឿង ខណៈបារាំង ចក្រភពអង់គ្លេស ហូឡង់ កាណាដា និងន័រវែស រួមទាំងអូស្ត្រាលី សុទ្ធតែបាន សន្យាផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន យកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី៕