(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ កក្កដា) ថា ការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ គឺអាចធ្វើទៅបាន ប្រសិនបើប្រទេសនានាបង្ហាញឆន្ទៈនយោបាយក្នុងការវិនិយោគលើការការពារ និងការព្យាបាល និងអនុម័តច្បាប់មិនរើសអើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

នៅទូទាំងពិភពលោក មនុស្សប្រហែល ៣៩លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ (HIV) នៅឆ្នាំ ២០២២ នេះបើយោងតាមកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍ (UNAIDS)។ បើមិនមានការព្យាបាលមេរោគ HIV អាចវិវត្តទៅជាជំងឺអេដស៍​​( AIDS)។

UNAIDS បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា «យើងនឹងមានដំណោះស្រាយ ប្រសិនបើប្រទេសនិមួយៗប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ ក្នុងការដាក់មនុស្សជាអទិភាពលើការវិនិយោគនៅក្នុងកម្មវិធីបង្ការការពារ និងព្យាបាលមេរោគ HIV ...»។

UNAIDS បានបន្ថែមថា ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះមេរោគអេដស៍ក៏មានន័យថា ការអនុម័តច្បាប់មិនរើសអើង និងការពង្រឹងបណ្តាញសហគមន៍ ក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងៗទៀត។ នៅក្នុងប្រទេសជាច្រើន អ្នកផ្ទុកមេរោគអេដស៍ ឬកើតអេដស៍ប្រឈមមុខនឹងការមាក់ងាយ ការរើសអើង និងអំពើហិង្សា។

របាយ​ការណ៍​បាន​បញ្ជាក់​ថា​ «​ការ​រីក​ចម្រើន​មាន​ភាព​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ និង​តំបន់​ដែល​មាន​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ធំ​បំផុត​ដូច​ជា​អាហ្វ្រិក​ខាង​កើត​ និង​ភាគ​ខាង​ត្បូង​ ដែល​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​បាន​ធ្លាក់​ចុះ​ ៥៧​ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១០»

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលបានបន្ថែមថា មានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងថ្មីនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល ក៏ដូចជានៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ និន្នាការទាំងនេះកើតឡើង ដោយសារតែកង្វះសេវាការពារមេរោគអេដស៍ សម្រាប់ប្រជាជនដែលខ្វះខាត និងឧបសគ្គដែលបង្កើតឡើងដោយច្បាប់ដាក់ទណ្ឌកម្ម និងការរើសអើងសង្គម»។

កាលពីឆ្នាំមុន មនុស្ស១.៣លាននាក់បានឆ្លងមេរោគអេដស៍ ហើយមនុស្ស ៦៣០.០០០នាក់បានស្លាប់ដោយសារជំងឺនេះ នេះបើយោងតាមអង្គការ UNAIDS៕