(បាងកក)៖ បន្ទាប់ពីការរាប់សំឡេងឆ្នោតក្នុងសភាថៃបានបញ្ចប់ លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward គឺលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

នៅព្រហស្បតិ៍នេះ សម័យប្រជុំរួមនៃរដ្ឋសភាថៃ ដែលមានសមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក២៤៩នាក់ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជា​បេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រត្រឹម៣២៤សំឡេងប៉ុណ្ណោះ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន។

មេដឹកនាំបក្ស Move Forward រូបនេះ ទទួលបាន៣១១សំឡេងគាំទ្រ ១៤៨សំឡេងប្រឆាំង និង៣៩សំឡេងអនុបវាទ ពីសមាជិករដ្ឋសភា ហើយទទួលបាន១៣សំឡេងគាំទ្រ ៣៤សំឡេងប្រឆាំង និង១៥៩សំឡេងអនុបវាទ ពីសមាជិកព្រឹទ្ធសភា។ យោងតាមលក្ខខណ្ឌ គឺជាចាំបាច់ លោក Pita ត្រូវការការគាំទ្រចំនួន៣៧៥សំឡេង ដែលជាសំឡេងភាគច្រើន ក្នុងចំណោមអាសនៈតំណាងរាស្រ្តថៃ (ទាំងរដ្ឋសភានិងព្រឹទ្ធសភា) សរុបចំនួន៧៤៩នាក់ ទើបអាចក្លាយជា​នាយករដ្ឋមន្រ្តីបាន។ ដំបូងឡើយតំណាងរាស្រ្តថៃសរុបមានអាសនៈ៧៥០ ប៉ុន្តែសមាជិកព្រឹទ្ធសភាម្នាក់ ទើបតែលាលែងពីតំណែង ជាហេតុនាំឱ្យសំឡេងភាគច្រើន ដែលត្រូវការចាំបាច់ថយពី៣៧៦ មកនៅ៣៧៥វិញ។

គួរបញ្ជាក់ថា ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ៕