(ហ្សាការតា)៖ សមាគមន៍ប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) និងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមព្រៀងគ្នាលើគោលការណ៍ណែនាំ ដើម្បីពន្លឿនកិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
គោលការណ៍ណែនាំនេះត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំមួយ រវាងមន្រ្តីការទូតកំពូលរបស់ចិនគឺ លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសអាស៊ាន លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) នៅទីក្រុងហ្សាការតា ជាកន្លែងដែលអាស៊ានកំពុងរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធ។ នាឱកាសនោះ លោកស្រី ម៉ាស៊ូឌី សម្តែងក្តីរំពឹងទុកថា ចិននឹងក្លាជាដៃគូដ៏គួរទុកចិត្តរបស់អាស៊ាន ខណៈលោក វ៉ាង បានសាទរចំពោះគោលការណ៍ណែនាំនៃក្រមប្រតិបត្តិ និងកិច្ចពិភាក្សាពាណិជ្ជកម្ម ហើយថាចិននឹងបន្តដើរតួនាទីស្ថាបនានៅក្នុងតំបន់។
លោកស្រី ម៉ារស៊ូឌី បានគូសបញ្ជាក់ថា «មានតែពេលនោះទេ ដែលយើងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជាប្រយោជន៍ដល់ការបង្កើត សន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ ចំណែក លោក វ៉ាង ក៏បានគូសបញ្ជាក់ផងដែរថា «ដោយមើលឃើញពីការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងស៊ីជម្រៅនៃស្ថានភាពអន្តរជាតិ និងតំបន់ ចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី»។
គួរបញ្ជាក់ថា ព័ត៌មានលម្អិតនៃគោលការណ៍ណែនាំ មិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ។ ដោយសំដៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលចិនបានផ្តល់សច្ចាប័ន ឥណ្ឌូណេស៉ីដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ បានជំរុញឲ្យមានការគោរពច្បាប់អន្តរជាតិ លើកទឹកចិត្តឲ្យមានទម្លាប់រៀបចំកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្នា។ ឥណ្ឌូណេស៉ីមិនមែនជាប្រទេសភាគីនៃជម្លោះនៅសមុទ្រចិនខាងត្បូងទេ ប៉ុន្តែធ្លាប់ប៉ះទង្គិចជាមួយចិនជុំវិញសិទ្ធិនេសាទ នៅជុំវិញកោះណាទូណា (Natuna) ដែលស្ថិតនៅក្បែរដែនទឹកដែលមានជម្លោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕