(ញូដេលី)៖ រដ្ឋបាលទីក្រុងញូដេលីបានប្រកាសថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទទួលទាន ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា នឹងត្រូវថយចុះ១ភាគ៤ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ដោយសាររោងចក្រផលិតទឹកស្អាត៣កន្លែង បានរងការលិចលង់ ស្របពេលដែលទន្លេ Yamuna បានជន់លិច ក្រោយការធ្លាក់ភ្លៀងខ្លាំងឥតឈប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ទឹកទន្លេ Yamuna របស់ទីក្រុងញូដេលី បានឡើងដល់កម្រិតខ្ពស់បំផុត គិតក្នុងរយៈពេល៤៥ឆ្នាំមកនេះ បន្ទាប់ពីភ្លៀងបានធ្លាក់ខ្លាំងខុសពីធម្មតា នៅតាមបណ្តារដ្ឋដែលនៅក្បែរខាង ដូចជារដ្ឋ Haryana នៅភាគខាងជើងជាដើម។ រដ្ឋធានីដែលមានមនុស្សរស់នៅ ២០លាននាក់នេះផ្ទាល់ ក៏បានមើលឃើញ ការធ្លាក់ភ្លៀងខ្លាំងក្លាផងដែរ កាលពីអំលុងសប្តាហ៍កន្លងទៅ ដោយសហគមន៍នៅទីទំនាបបានរងការជន់លិច ហើយបានបង្ខំឱ្យប្រជាជនជាច្រើន ត្រូវជម្លៀសទៅជ្រកកោន នៅតាមជំរំសុវត្ថិភាព។
លោក អាវីន ខិចរីវ៉ាល់ (Arvind Kejriwal) ដែលជាប្រមុខរដ្ឋបាលក្រុងញូដេលី បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា នឹងមានបញ្ហាខ្វះខាតទឹកនៅតាមតំបន់មួយចំនួន ហើយលោកបានអំពាវនាវឱ្យប្រជាជន ដែលរស់នៅក្នុងទីក្រុងសហការគ្នាទៅវិញទៅមកតាមលទ្ធភាព អំលុងគ្រាអាសន្ននេះ។
គួរបញ្ជាក់ថា បណ្តារដ្ឋនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា បានទទួលរងការធ្លាក់ភ្លៀងក្នុងកម្រិតខ្ពស់ខ្លាំងមិនធ្លាប់មានពីមុនមក គិតតាំងពីរដូវមូសុងបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែមិថុនា ដោយក្នុងចំណោមនោះ រដ្ឋដែលរងគ្រោះខ្លាំងជាងគេដោយជំនន់ទឹកភ្លៀង គឺរដ្ឋ Punjab និងរដ្ឋ Himachal Pradesh ហើយក៏មានមនុស្សរាប់សិបនាក់ បានបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុផ្សេងៗពាក់ព័ន្ធនឹងការធ្លាក់ភ្លៀង ផងដែរ៕