(បាងកក)៖ ក្រោយដំណាក់កាលជជែកដេញដោលមតិបានបិទបញ្ចប់ទៅ ទីបំផុតសភាថៃបានចាប់ផ្តើមដំណើរការបោះឆ្នោតដើម្បីជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីហើយ ស្របពេលដែលមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបេក្ខជនតែម្នាក់គត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីៗទាំង៥០០រូប និងសមាជិកព្រឹទ្ធសភា២៥០រូប ត្រូវបោះឆ្នោតរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ វានឹងត្រូវធ្វើឡើងក្នុងលក្ខណៈបើកចំហ ដែលមានន័យថាតំណាងរាស្ត្រទាំង៧៥០រូប ត្រូវផ្តល់ចម្លើយត្រង់ៗតែម្តង។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវតែប្រមូលឱ្យបានសំឡេងគាំទ្រចំនួន៣៧៦ ពីសមាជិកនៃសភាទាំង២។ តែក្នុងករណី បេក្ខជនមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់នេះទេ នោះការបោះឆ្នោតនឹងត្រូវរៀបចំសាជាថ្មី ហើយបេក្ខជនដដែលនោះ នៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រ ៣៧៦ ដោយមិនមានកំណត់ពីចំនួនបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ។
គួរបញ្ជាក់ថា គណបក្ស Move Forward គឺជាបក្សដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភាកន្លងទៅ។ លោក Pita បានប្រមែប្រមូលគណបក្សនយោបាយ៧ផ្សេងទៀត ហើយមានអាសនៈសរុបក្នុងដៃស្រាប់ចំនួន៣១២ នៅរដ្ឋសភា។ ដូច្នេះលោក នៅត្រូវការសំឡែងគាំទ្រ៦៤ទៀត ពីគណបក្សដទៃនៅក្រៅក្រុមចម្រុះ ឬក៏ពីសមាជិកព្រឹទ្ធសភា។ ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលនោះទេ នោះគឺដោយសារតែ គោលនយោបាយដ៏ចម្រូងចម្រាសរបស់គណបក្ស Move Forward ក្នុងការធ្វើកំណែទម្រង់យោធាថៃ និងការធ្វើវិសោធនកម្មមាត្រា ១១២ ពាក់ព័ន្ធនឹងច្បាប់ ប្រមាថព្រះចេស្ដា៕