(ភ្នំពេញ)៖ អាស៊ាន​ បានបើកកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ រួម​ជាមួយ​អគ្គលេខាធិការ​របស់ខ្លួន​ គឺលោក កៅ គឹមហួន នៅ​ទីក្រុង​ហ្សាការតា​ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់​ការពិភាក្សា​ស្តីពី​សន្ធិសញ្ញា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​អាស៉ីអាគ្នេយ៍ (SEANWFZ)។

បើតាមការផ្សាយដោយទស្សនាវដ្តី Jakarta Globe កិច្ចពិភាក្សា បានផ្តោតសំខាន់លើការជំរុញឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរទាំង៥ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៉ី និងចិន ដើម្បីចុះហត្ថលេខាលើពិធីសារ SEANWFZ ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៉ី លោកស្រី Retno Marsudi បានលើកឡើងថា យើងត្រូវតែរក្សាអាស៉ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ SEANWFZ បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ និងការរំសាយអាវុធជាសកល។

ចិនជាប្រទេសមហាអំណាចដំបូងគេ ដែលបានប្រកាសស្ម័គ្រចិត្តចុះហត្ថលេខាលើពិធីសារ SEANWFZ។ នេះបើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃវិធីសាស្រ្ត «មកមុនទទួលមុន» សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន «ខបម្រុង» ដើម្បីជំរុញដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជា ចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើពិធីសារនេះមុនគេ ដោយគ្មាន «ខបម្រុង» ហើយដូចបានស្នើដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ។

សូមជម្រាបថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ រដ្ឋសមាជិកអាស៊ានបានចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៉ីអាគ្នេយ៍ (SEANWFZ Treaty) ដែលជាការប្តេជ្ញាចិត្ត រក្សាតំបន់អាស៉ីអាគ្នេយ៍ជាតំបន់គ្មាននុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត។

សន្ធិសញ្ញានេះ ត្រូវបានគេស្គាល់ថាជាសន្ធិសញ្ញាបាងកក (Bangkok Treaty។ តាមរយៈសន្ធិសញ្ញានេះដែរ អាស៊ានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងក្នុងការរួមចំណែកឆ្ពោះទៅរកសន្តិភាព និងសន្តិសុខអន្តរជាតិ។

វាក៏កត់សម្គាល់ផងដែរ អំពីការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ (NWFZ) នៅអាស៉ីអាគ្នេយ៍ ដែលជាតំបន់មួយក្នុងចំណោម NWFZ ចំនួនប្រាំ នៅលើពិភពលោក។ NWFZ បួនផ្សេងទៀត គឺនៅអាមេរិកឡាទីន និងការ៉ាបង់ (Latin America) and the Caribbean), ប៉ាស៉ីហ្វិកខាងត្បូង (South Pacific) អាហ្រ្វិក (Africa) និងអាស៉ីកណ្តាល (Central Asia)៕