(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយការធ្វើសមយុទ្ធយោធា រយៈពេល២ថ្ងៃរបស់ចិន នៅតំបន់ដែនទឹកភាគខាងត្បូងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
យោធាជើងទឹកអាមេរិកបានប្រាប់ថា យន្តហោះល្បាតដែនសមុទ្រនិងឈ្លបការណ៍ P-8A ដែលអាចប្រើក្នុងបេសកកម្មប្រឆាំងនាវាមុជទឹក ផងដែរនោះ បានធ្វើការហោះហើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដែនអាកាសអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់យោធាអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «តាមរយៈការធ្វើប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ ដោយស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកជួយរក្សាការពារសិទ្ធិនិងសេរីភាព នៃការធ្វើដំណើរសម្រាប់ប្រទេសទាំងអស់។ ការហោះឆ្លងកាត់នៃយន្តហោះខាងលើ នៅច្រកសមុទ្រតៃវ៉ាន់ស្តែងឱ្យឃើញពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហមួយ។ សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការ នៅគ្រប់ទីកន្លែងទាំងឡាយ ដែលច្បាប់អន្តរជាតិអនុញ្ញាត»។
គួរបញ្ជាក់ថា ចិនតែងតែបានបង្ហាញការមិនពេញចិត្តជានិច្ច ចំពោះការធ្វើបេសកកម្មយោធារបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយសារតែទីក្រុងប៉េកាំងអះអាងថា ខ្លួនមានសិទ្ធិ អធិបតេយ្យ និងយុត្តាធិការលើច្រកផ្លូវទឹកមួយនេះ ដ្បិតកោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន។ យ៉ាងណាមិញ តៃវ៉ាន់និងសហរដ្ឋអាមេរិក បានប្រកែកថា ច្រកសមុទ្រតៃវ៉ាន់គឺជាដែនទឹកអន្តរជាតិ។ ការបញ្ជូនយន្តហោះឱ្យហោះឆ្លងកាត់របស់សហរដ្ឋអាមេរិក កើតមានឡើង បន្ទាប់ពីចិនទើបតែធ្វើសមយុទ្ធយោធា រយៈពេល២ថ្ងៃនៅក្បែរកោះតៃវ៉ាន់ ដែលមានការចូលរួមពីយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក ហើយនិងនាវាចម្បាំង៕