(ញូដេលី)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ ទីភ្នាក់ងារអវកាសឥណ្ឌាត្រូវគេរំពឹងថា នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតដើម្បីព្យាយាមនាំយកយានរ៉ូបូតមួយ ទៅចុះលើផ្ទៃព្រះចន្ទឱ្យបានជោគជ័យ ក្រោយធ្លាប់ទទួលបរាជ័យកាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ដោយអភិវឌ្ឍឡើងក្រោមកញ្ចប់ថវិកាទំហំ ៧៥លានដុល្លារ យាន ចានដ្រាយ៉ាន-៣ (Chandrayaan-3) ត្រូវបានគ្រោងបាញ់បញ្ជូនចេញ​ពី មូលដ្ឋានបង្ហោះយានអវកាស ក្នុងរដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh) ភាគខាងត្បូងប្រទេសឥណ្ឌា នៅវេលាម៉ោង២៖៣៥នាទី​រសៀលថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ បើយោងតាមផែនការរបស់ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុកនោះ យាន Chandrayaan-3 នឹងត្រូវធ្វើការព្យាយាមចុះចតទៅលើផ្ទៃព្រះចន្ទ នៅខ្ទង់ថ្ងៃទី២៣ ខែសីហា។

គួរបញ្ជាក់ថា កាលពីអំលុងបេសកកម្ម Chandrayaan-2 របស់ឥណ្ឌា កាលពីឆ្នាំ២០២០ គឺយានប្រភេទផ្កាយរណបមួយ ត្រូវបានដាក់​ពង្រាយនៅគន្លងក្បែរព្រះចន្ទ ដោយជោគជ័យ ប៉ុន្តែយានរ៉ូបូតសម្រាប់ចុះចតនិងសម្រាប់ចល័តលើដី ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ក្រោយពេលធ្លាក់ទៅបុកផ្ទៃរបស់ព្រះចន្ទពេញទំហឹង។ មកទល់បច្ចុប្បន្ននេះ មានសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៉ី) ហើយនិងចិនប៉ុណ្ណោះ ដែលបានសម្រេចជោគជ័យ ក្នុងការនាំយកយានរ៉ូបូតទៅដាក់ដល់លើផ្ទៃព្រះចន្ទ។ ដោយឡែក ការប៉ុនប៉ងចុះចតយានរ៉ូបូត ដោយក្រុមហ៊ុនឯកជនជប៉ុន​មួយ កាលពីប៉ុន្មានខែមុននេះ ក៏បានទទួលបរាជ័យផងដែរ៕