(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្រុមទាហានស៉ីឈ្នួល Wagner កំពុងចាត់ចែងឱ្យចប់ជាស្ថាពរ នូវដំណើរការផ្ទេរសព្វាវុធ និងបរិក្ខារយោធាមកឱ្យខាងកងកម្លាំងប្រដាប់អាវុធ ក្រោយការបះបោររយៈពេលខ្លីរបស់ពួកគេ ដែលបានកើតឡើង កាលពីជាង២សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានប្រាប់ថា មកទល់ពេលនេះ ខ្លួនទទួលបានសម្ភារយោធាសរុបច្រើនជាង ២,០០០គ្រឿង ក្នុងនោះរួមមានទាំងរថក្រោះ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ជាដើម។ ក្រៅពីនេះ ក្រសួងការពារជាតិរុស្ស៉ី ក៏បានទទួលបានគ្រាប់រំសេវចម្រុះប្រភេទ គិតជាទម្ងន់លើសពី២,៥០០តោន ហើយនិងអាវុធធុនតូចប្រហែល ២០,០០០ដើមផងដែរ។ សម្ភារទាំងនោះភាគច្រើន គឺហាក់មិនធ្លាប់ត្រូវ​បានប្រើប្រាស់ លើសមរភូមិពីមុនមកទេ។

ការដកហូតសព្វាវុធខាងលើ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់អាជ្ញាធររុស្ស៉ី ក្នុងការកាត់បន្ថយការគំរាមកំហែងរបស់ក្រុម Wagner ហើយនិងស្ថាបនិកក៏ដូចជាថៅកែ របស់កងកម្លាំងទាហានស៉ីឈ្នួលនេះ គឺលោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ក៏ប៉ុន្តែជោគវាសនា​របស់លោក គឺកំពុងបន្តស្ថិតក្រោមភាពស្រពិចស្រពិល នៅឡើយ។

គួរបញ្ជាក់ថា នៅក្រោមការព្រមព្រៀងគ្នា ដែលបិទបញ្ចប់សកម្មភាពបះបោរប្រដាប់អាវុធ កាលពីថ្ងៃទី២៤-២៥ ខែមិថុនា របស់ក្រុម Wagner គឺលោក ព្រីហ្គោហ្ស៉ីន ត្រូវនិរទេសខ្លួនទៅកាន់ប្រទេសបេឡារុស ប៉ុន្តែកាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោក ព្រីហ្គោហ្ស៉ីន គឺកំពុងស្ថិតនៅប្រទេសរុស្ស៉ីដដែល ហើយសមាជិករបស់ Wagner ក៏កំពុងបន្តស្ថិតនៅតាមបន្ទាយរបស់ពួកគេដូចគ្នា ដោយពុំទាន់មានអ្នកណា ទៅដល់បេឡារុសឡើយ។ រីឯកាលពីថ្ងៃចន្ទសប្តាហ៍នេះ វិមានក្រឹមឡាំងបានបង្ហើបឱ្យដឹងថា លោក ព្រីហ្គោហ្ស៉ីន និងសមាជិកជាន់ខ្ពស់៣៤នាក់របស់ Wagner បានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៩ ខែមិថុនា ពោលគឺ៥ថ្ងៃ ក្រោយការបះបោរផ្ទុះឡើង៕