(កៀវ)៖ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងការពារអាកាសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្លើយតបការវាយប្រហារដោយយន្តហោះដ្រូន នៅយប់ទី ៣ជាប់ៗគ្នាទំាងនៅក្នុង និងជុំវិញទីក្រុងកៀវដែលបង្កការខូចខាតនៅក្នុងស្រុកជាច្រើន និងស្លាប់មនុស្សម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
អភិបាលក្រុងកៀវ លោក វីតាលី គ្លីតកូ (Vitali Klitschko) បានឲ្យដឹងតាមបណ្តាញ Telegram ថាសាកសពរបស់អ្នកស្រុកម្នាក់ត្រូវបានគេរកឃើញ នៅពេលដែលភ្នាក់ងារពន្លត់អគ្គីភ័យឆាបឆេះអគារផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់ Podil ហើយមនុស្សពីរនាក់បានរងរបួស នៅពេលដែលកំទេចកំទីធ្លាក់ចំអគារផ្ទះល្វែងមួយជាន់ នៅក្នុងសង្កាត់ដានីតស្គី (Darnytskyi) ភាគខាងកើតទីក្រុងកៀវ។ ដោយឡែក មនុស្សពីរនាក់ទៀតបានរងរបួសនៅសង្កាត់សេវសិនកៀវយី (Shevchenkivskyi) ភាគខាងលិចនៅក្នុងការឆាបឆេះអគារអាផាតមិន។
ប្រធានការិយាល័យរដ្ឋបាលយោធាក្រុងកៀវ លោក សឺហ៉ី ប៉ុបកូ (Serhiy Popko) ចាត់ទុកថាការវាយលុកនេះជា ការវាយប្រហារទ្រង់ទ្រាយធំ ដោយយន្តហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ចេញពីទិសដៅផ្សេងៗគ្នា។ គិតត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១១គ្រឿងក្នុងចំណោម ១៥គ្រឿង។
គួរបញ្ជាក់ថា ជាមួយនឹងការផ្ទុះក្នុងរដ្ឋធានី និងមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងទៀត ក្នុងរយៈពេលជាង ៥០០ថ្ងៃនៃការឈ្លានពានរបស់រុស្ស៉ី ក្រុមមន្ត្រីយោធានិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងមានវឌ្ឍនភាពលើប្រតិបត្តិការវាយបករបស់ពួកគេ នៅជួរមុខភាគខាងកើត និងខាងត្បូង។ ទាំងនោះក៏រួមបញ្ចូលនៅជិតទីក្រុងបាកមូត (Bakhmut) ផងដែរ៕