(បាងកក)៖ សម័យប្រជុំរួមនៃរដ្ឋសភា និងព្រឹទ្ធសភាថៃបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ ដើម្បបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី។ លទ្ធផលបោះឆ្នោតនៅថ្ងៃនេះ មិនត្រឹមតែកំណត់ពីជោគវាសនារបស់លោក Pita ប៉ុណ្ណោះទេ តែវាក៏នឹងក្លាយជាការធ្វើតេស្ដមួយលើ សាមគ្គីភាព នៅក្នុងក្រុមចម្រុះមាន ៨គណបក្សចូលរួមដឹកនាំដោយគណបក្ស Move Forward ដែលកំពុងស្វះស្វែងបង្កើតរដ្ឋាភិបាលថ្មីផងដែរ។
បេក្ខជនឈានមុខគេសម្រាប់តំណែងជានាយករដ្ឋមន្ត្រី លោក Pita Limjaroenrat បាននិយាយថាលោកនៅតែមានក្ដីសង្ឃឹមមួយថ្ងៃ បន្ទាប់ពីតុលាការធម្មនុញ្ញថៃទទួលយកអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលស្នើឱ្យផ្អាកសមាជិកភាពសភារបស់លោកជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការចោទប្រកាន់បំពានច្បាប់បោះឆ្នោត។
* តើលោក Pita Limjaroenrat ជានរណា?
មានអាយុ ៤២ឆ្នាំ លោក Pita Limjaroenrat មានអាយុតិចជាងនាយករដ្ឋមន្ត្រីសព្វថ្ងៃ លោក ប្រាយុទ្ធ ចាន់អូចា ដល់ទៅជិត៣០ឆ្នាំ។ លោក ប្រាយុទ្ធ បានដឹកនាំប្រទេសថៃ ចាប់តាំងពី ផ្ទុះរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក។
លោក Pita កើតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែលោកបានធំដឹងក្ដីនៅក្នុងប្រទេសនូវែសេឡង់ មុននឹងត្រឡប់មកកាន់ប្រទេសកំណើតវិញ។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅឯសាកលវិទ្យាល័យ Thammasat។ លោក Pita គឺជានិស្សិតថៃដំបូងគេបំផុត ដែលទទួលបានអាហារូបករណ៍បរទេសទៅរៀន នៅសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក ជាទីដែលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និងពាណិជ្ជកម្ម ព្រមទាំងបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Massachusetts Institute of Technology ដោយទទួលសញ្ញាបត្រ MBA។
មុននឹងប្រឡូកចូលឆាកនយោបាយ លោក Pita ធ្លាប់ធ្វើជាប្រធានប្រតិបត្តិការក្រុមហ៊ុន Grab ក្នុងប្រទេសថៃ និងធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់ម្នាក់នៅឯក្រុមហ៊ុន Boston Consulting Group។ នៅពេលមានអាយុ ២៥ឆ្នាំ លោកបានគ្រប់គ្រងក្រុមហ៊ុនកសិកម្មមួយបន្តពីឪពុក ហើយដោយសមត្ថភាព និងជំនាញដ៏ប៉ិនប្រសប់ លោក Pita សង្រ្គោះក្រុមហ៊ុនឪពុករបស់ លោកពីការក្ស័យធន។
លោក Pita បានចាប់យកអាជីពជាអ្នកនយោបាយ នៅក្រោយរូបលោកជាប់ឆ្នោតជាសមាជិកសភាមកពីគណបក្ស Future Forward Party កាលពីឆ្នាំ២០១៩។ គណបក្ស Future Forward Party ត្រូវបានបង្កើតឡើងដោយលោក Thanathorn Juangroongruangkit ជាមហាសេដ្ឋីម្នាក់ និងជាមនុស្សដែលរិះគន់ឥតសំច្ចៃមាត់លើយោធាថៃ។ ប៉ុន្តែ គណបក្សនេះ ត្រូវបានរំលាយចោលដោយតុលាការធម្មនុញ្ញថៃនៅឆ្នាំ២០២០ រីឯលោក Thanathorn ត្រូវបានដកហូតសមាជិកភាពសភា។ មួយរយៈពេលខ្លីនៃការរំលាយគណបក្ស Future Forward Party គណបក្ស Move Forward ត្រូវបានបង្កើតឡើងដោយមានលោក Pita ជាមេដឹកនាំ។
លោក Pita បានរៀបការជាមួយតារាសម្ដែងថៃម្នាក់មានឈ្មោះថា Chutima Teepanart ក្នុងឆ្នាំ២០១២ ដោយមានកូនស្រីម្នាក់។ តែរួមរស់នៅជាមួយគ្នាបាន៧ឆ្នាំ អ្នកទាំង២ បានសម្រេចចិត្តលែងលះគ្នា។ អ្នកនាង Chutima ដែលលោក Pita បានស្គាល់តាមប្រព័ន្ធអនឡាញ មានអាយុប្អូនលោក ៧ឆ្នាំ។ អ្នកនាង Chutima ធ្លាប់បានចោទប្រកាន់ថាលោក Pita បានប្រើហិង្សាលើរាងកាយរបស់អ្នកនាង។ ប៉ុន្តែការអះអាងនេះត្រូវបានតុលាការច្រានចោលក្នុងឆ្នាំ២០១៦ ហើយក្រោយមកទៀត ទើបអ្នកនាង Chutima សារភាពថាទោះបីជាលោក Pita មិនបានប្រើហិង្សាលើរូបនាងក៏ពិតមែន តែនាងរងការបៀតបៀនខាងផ្លូវចិត្តពីអតីតស្វាមី។
* អ្វីទៅជាគោលដៅរបស់លោក Pita និងគណបក្ស Move Forward?
លោក Pita បានសន្យាថានឹងនាំប្រទេសថៃ ចេញពីអ្វីដែលលោកហៅថា «ការខាតបង់មួយទសវត្សរ៍នៃកំណើនសេដ្ឋកិច្ចយឺតយ៉ាវ»។ ជាផ្នែកមួយនៃផែនការនេះ លោកបានបញ្ជាក់ថា ក្នុងនោះរួមមានទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីខែមេសា លោក Pita បាននិយាយថាគោលដៅជារបៀបវារៈដ៏សំខាន់របស់លោក នោះគឺ «ការធ្វើវិយោធកម្ម ឬការលុបបំបាត់ការដឹកនាំដោយយោធា, ការលុបបំបាត់ការដឹកនាំប្រទេស បែបផ្ដាច់មុខ និងការធ្វើវិមជ្ឈការអំណាច»។
បន្ថែមពីលើនេះ លោក Pita ក៏បានសន្យាដែរថានឹងបិទបញ្ចប់កាតព្វកិច្ចយោធា និងការធ្វើវិសោធនកម្មមាត្រា ១១២ ដែលមានចែងពីការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ លើអ្នករិះគន់ មហាក្សត្រថៃ ក្រោមច្បាប់ប្រមាថព្រះចេស្ដា។ ពាក្យសន្យាទាំងនេះទទួលបានការគំាទ្រយ៉ាងខ្លាំងពីយុវជន ប៉ុន្តែក្រុមអ្នកអភិរក្សនិយម គឺយោធា និងព្រះបរមរាជវាំងថៃ ក្ដៅស្លឹកត្រចៀក៕