(បាងកក)៖ សម័យប្រជុំរួមនៃរដ្ឋសភា និងព្រឹទ្ធសភាថៃបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ ដើម្បបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ខណៈបេក្ខជនឈានមុខគេសម្រាប់តំណែងជានាយករដ្ឋមន្ត្រី លោក Pita Limjaroenrat បាននិយាយថាលោកនៅតែមានក្ដីសង្ឃឹម មួយថ្ងៃ បន្ទាប់ពីតុលាការធម្មនុញ្ញថៃទទួលយកអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលស្នើឱ្យផ្អាកសមាជិកភាពសភារបស់លោកជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការចោទប្រកាន់បំពានច្បាប់បោះឆ្នោត។
លទ្ធផលបោះឆ្នោតនៅថ្ងៃនេះ មិនត្រឹមតែកំណត់ពីជោគវាសនារបស់លោក Pita ប៉ុណ្ណោះទេ តែវាក៏នឹងក្លាយជាការធ្វើតេស្ដមួយលើសាមគ្គីភាព នៅក្នុង ក្រុមចម្រុះមាន ៨គណបក្សចូលរួមដឹកនាំដោយគណបក្ស Move Forward ដែលកំពុងស្វះស្វែងបង្កើតរដ្ឋាភិបាលថ្មីផងដែរ។ ខាងក្រោមនេះគឺជាចំណុច សំខាន់ៗ គួរដឹងពីដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ។
* តើការជ្រើសរើសនាយករដ្ឋមន្ត្រី ដំណើរការទៅយ៉ាងដូចម្ដេច?
សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីៗទាំង ៥០០រូប និងសមាជិកព្រឹទ្ធសភា ២៥០រូបត្រូវបោះឆ្នោតរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ នៅពេលសម័យប្រជុំ រួមចាប់ផ្ដើម គណបក្សនីមួយៗនឹងត្រូវបានស្នើឱ្យតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ត្រូវធ្វើឡើងដោយបើកចំហ មានន័យថាតំណាងរាស្ត្រទាំង ៧៥០រូប (រដ្ឋសភា និងព្រឹទ្ធសភា) ត្រូវតម្រូវឱ្យបញ្ជាក់ប្រាប់ត្រង់ៗពីជម្រើសរបស់ពួកគេ។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនម្នាក់ត្រូវតែប្រមូលឱ្យបានសំឡេងគាំទ្រឱ្យ បាន ៣៧៦ ពីសមាជិកនៃសភាទាំង២។ តែក្នុងករណី គ្មានបេក្ខជនណាទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់នេះទេ នោះការបោះឆ្នោតនឹងត្រូវរៀបចំសាជាថ្មី ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រ ៣៧៦ ដោយមិនមានកំណត់ពីចំនួនបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ។
* តើនរណាខ្លះអាចឈរឈ្មោះជានាយករដ្ឋមន្ត្រី?
នៅមុនការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅ គណបក្សនីមួយៗត្រូវបានតម្រូវឱ្យដាក់បញ្ជីឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន ជូនគណៈកម្មការ រៀបចំការបោះឆ្នោតថៃ។ គណបក្សណាមួយដែលឈ្នះអាសនៈយ៉ាងហោច ២៥អាសនៈ ក្នុងចំណោមអាសនៈសរុបនៃរដ្ឋសភា មានសិទ្ធិតែងតាំងបេក្ខជន នាយករដ្ឋមន្ត្រីចម្បងម្នាក់ និង២នាក់ទៀតជាបេក្ខជនបម្រុង។ ក្នុងពេលបច្ចុប្បន្ន មានបេក្ខជននាយករដ្ឋមន្ត្រីចំនួន ៩រូប ក្នុងនោះមានបេក្ខជនមកពីក្រុមចម្រុះ ដឹកនាំដោយគណបក្ស Move Forward មានដូចជាលោក Pita Limjaroenrat និងបេក្ខជន២រូបមកពីគណបក្សឈ្នះឆ្នោតជាប់លំដាប់ទី២ Pheu Thai គឺសេដ្ឋីអចលនទ្រព្យលោក Srettha Thavisin និងអ្នកនាង Paetongtarn Shinawatra ជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន។
ចំណែក បេក្ខជនមកពីគណបក្សប្រឆាំងរួមមាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខាភិបាលចាំផ្ទះ លោក Anutin Charnvirakul ព្រមទាំងលោក Prawit Wongsuwan និងលោក Prayuth Chan-ocha។ លោក Prayuth បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ពីនយោបាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍ កន្លងទៅនេះ ប៉ុន្តែលោកនៅតែមានសិទ្ធិឈរឈ្មោះដដែល។ រដ្ឋធម្មនុញ្ញថៃក៏បានចែងដែរពីការតែងតាំងឥស្សរជន ឬជនមកពីខាងក្រៅណាម្នាក់ផ្សេងទៀត ជានាយករដ្ឋមន្ត្រី ប្រសិនបើទទួលបានសំឡេងគាំទ្រ ២ភាគ៣ ឬ៥០០សំឡេងពីសមាជិករដ្ឋសភា និងព្រឹទ្ធសភាទាំង ៧៥០រូប។
* តើនឹងមានអ្នកប្រកួតប្រជែងជាមួយលោក Pita ដែរឬទេ?
គិតត្រឹមតែថ្ងៃព្រហស្បតិ៍នេះ លោក Pita ត្រូវបានប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់។ លោក Prawit Wongsuwan ក៏ត្រូវបានតែង តាំងជាបេក្ខជននាយករដ្ឋមន្ត្រីដែរ ប៉ុន្តែគណបក្ស Palang Pracharat ស្និទ្ធនឹងយោធាថៃ នឹងមិនតែងតាំងរូបលោកជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ ការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះនោះទេ។ និយាយជារួម បេក្ខជននាយករដ្ឋមន្ត្រីគឺមានតែលោក Pita ម្នាក់តែប៉ុណ្ណោះ ប៉ុន្តែអ្វីៗអាចនឹងប្រែប្រួល ប្រសិនបើ លោក Pita មិនអាចប្រមូលសំឡេងបានគ្រប់គ្រាន់។
* តើលោក Pita អាចនឹងប្រមូលបានសំឡេងគ្រប់គ្រាន់ដែរឬទេ?
អ្វីៗសុទ្ធតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ក្រុមចម្រុះរបស់លោក Pita នៅឯរដ្ឋសភាមានសំឡេងនៅក្នុងដៃស្រាប់ចំនួន ៣១២អាសនៈ ដូច្នេះលោកត្រូវការ សំឡេងគាំទ្រតែ ៦៤ប៉ុណ្ណោះពីគណបក្សដទៃនៅក្រៅក្រុមចម្រុះ ឬក៏ពីសមាជិកព្រឹទ្ធសភា។ ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលនោះទេ នោះគឺដោយសារតែ គោលនយោបាយដ៏ចម្រូងចម្រាសរបស់គណបក្ស Move Forward ក្នុងការធ្វើកំណែទម្រង់យោធាថៃ និងការធ្វើវិសោធនកម្មមាត្រា ១១២ ពាក់ព័ន្ធនឹងច្បាប់ ប្រមាថព្រះចេស្ដា។
ជាក់ស្ដែង គណបក្សប្រជាធិបតេយ្យបានអះអាងថាសមាជិកសភារបស់ខ្លួន ២៥រូប នឹងមិនបោះឆ្នោតគាំទ្រលោក Pita ឡើយ ដោយសារតែគោលជំហរ ទាក់ទងនឹងច្បាប់ប្រមាថព្រះចេសា្ដរបស់ Move Forward។ លើសពីនេះទៅទៀត កាន់តែយ៉ាប់ទៅទៀតនោះ គឺតុលាការធម្មនុញ្ញថៃកាលពីថ្ងៃពុធ បានទទួល យកហើយនូវអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលស្នើឱ្យព្យួរសមាជិកភាពសភារបស់លោក Pita ជាបណ្ដោះអាសន្ន ជុំវិញការចោទ ប្រកាន់បំពានច្បាប់បោះឆ្នោត។ ដូច្នេះប្រសិនបើតុលាការធម្មនុញ្ញថៃសម្រេចដកសមាជិកភាពសភាពិតមែន នោះក្ដីស្រមៃចង់ក្លាយជានាយករដ្ឋមន្ត្រីរបស់លោក Pita អាចនឹងត្រូវរលាយសាបសូន្យ៕