(វីលនីញូស)៖ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក បិន វ៉ាឡេស (Ben Wallace) បានព្រមានអ៊ុយក្រែនថាសម្ព័ន្ធមិត្តអន្តរជាតិរបស់ខ្លួនមិនមែនជា ក្រុមហ៊ុនយក្សអាមេរិក «Amazon» នោះទេ ហើយទីក្រុងកៀវចាំបាច់ត្រូវតែបង្ហាញការដឹងគុណចំពោះការបរិច្ចាគអាវុធ ដើម្បីលើកទឹកចិត្តឲ្យពួកគេ ផ្តល់អាវុធបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ការអត្ថាធិប្បាយរបស់ លោក វ៉ាឡេស ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការឆ្លើយតបទៅ នឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញការត្អូញត្អែរ និងការខកចិត្តរបស់លោក ហ្សេលេនស្គី ចំពោះ NATO ដែលមិនបានកំណត់ពេលវេលាសម្រាប់ សមាជិកភាពរបស់ខ្លួន នៅក្នុង NATO។ ដោយសំដៅទៅលើក្រុមហ៊ុនយក្សអាមេរិក Amazon លោក វ៉ាឡេស បានគូសបញ្ជាក់ថា «អ្នកដឹងហើយ យើងមិនមែនជាក្រុមហ៊ុន Amazon ទេ...ដូច្នេះមិនថាយើងពេញចិត្ត ឬអត់ មនុស្សគ្រាប់គ្នាសុទ្ធតែចង់ឃើញការដឹងគុណ»។
គួរបញ្ជាក់ថា ទីក្រុងឡុងដ៍ គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់ទីក្រុងកៀវ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ហើយលោក នាយករដ្ឋមន្ត្រី រីស៉ី ស៊ូណាក់ តែងនិយាយថា ចក្រភពអង់គ្លេស រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត នឹងបង្កើនការគាំទ្រទ្វេដងសម្រាប់អ៊ុយក្រែន។ យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មាន លោក ហ្សេលេនស្គីបាននិយាយថាលោកមិនយល់ពីអ្វីដែលលោក វ៉ាឡេស ចង់លើកឡើងនោះទេ ដោយ គ្រាន់តែបញ្ជាក់ថាអ៊ុយក្រែនតែងតែដឹងគុណចក្រភពអង់គ្លេស សម្រាប់ការផ្ដល់ការគាំទ្រដល់ទីក្រុងកៀវ៕