(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវជួបពិភាក្សាការងារជាមួយអ្នកការទូតកំពូលចិនលោក Wang Yi ក្នុងរដ្ឋធានី ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រទេសទាំង២កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងនឹងគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសអាមេរិក លោក Antony Blinken និងលោក Wang Yi នឹងត្រូវជួបគ្នានាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងរដ្ឋធានី ហ្សាការតា។ នេះនឹងក្លាយជាជំនួបលើកទី២ ក្នុងរយៈពេលជិតមួយខែ បន្ទាប់ពីលោក Blinken បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងជាលើក ដំបូងក្នុងនាមជាប្រមុខការទូតអាមេរិក ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ ហើយបានជួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ព្រមទាំងលោក Wang និងរដ្ឋមន្ត្រីការបរទេសចិន លោក ជីង កាង (Qin Gang)។

គួរបញ្ជាក់ថា ជំនួបរវាងលោក Antony Blinken និងលោក Wang Yi ត្រូវប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាក្រុមហ៊ុន ​Microsoft បានអះអាង កាលពី២ថ្ងៃមុនថា hackers របស់ចិនបានទម្លុះចូលគណនីសារអេឡិចត្រូនិកក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិក ក្នុងនោះរួមមានទាំងក្រុមមន្ត្រី នៃក្រសួងការបរទេសអាមេរិក ក៏ដោយ៕