(បាងកក)៖ សម័យប្រជុំរួមរវាងរដ្ឋសភា និងព្រឹទ្ធសភាថៃបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ ដើម្បបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ខណៈបេក្ខជនឈានមុខគេសម្រាប់តំណែងជានាយករដ្ឋមន្ត្រី លោក Pita Limjaroenrat បាននិយាយថាលោកនៅតែមានក្ដីសង្ឃឹម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ មហាម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) បានប្រកាសបើកសម័យប្រជុំរួម ក្នុងពេលទទួលស្វាគមន៍ ការមកដល់សមាជិករដ្ឋសភាទាំង៥០០រូប និងព្រឹទ្ធសភា ២៥០រូប ដែលនឹងត្រូវបោះឆ្នោតរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ «ខ្ញុំនឹងចាប់ផ្ដើមបើក សម័យប្រជុំរួម ដើម្បធ្វើតាមរបៀបវារៈដែលក្នុងនោះរួមមានទាំងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី»។ នេះជាការបញ្ជាក់របស់លោក នួរ ម៉ាថា។
គួរបញ្ជាក់ថា ស្ថានភាពរបស់លោក Pita Limjaroenrat កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ក្រោយបន្ទាប់ពីតុលាការធម្មនុញ្ញថៃទទួលយកអនុសាសន៍ របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលស្នើឱ្យផ្អាកសមាជិកភាពសភារបស់លោកជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការចោទប្រកាន់បំពានច្បាប់ បោះឆ្នោត។ តែ លោក Pita បានច្រានចោលការចោទប្រកាន់នេះ៕