(បាងកក)៖ បេក្ខជនឈានមុខគេសម្រាប់តំណែងជានាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាលោកនៅតែមាន ក្ដីសង្ឃឹម តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសភា មួយថ្ងៃបន្ទាប់ពីតុលាការធម្មនុញ្ញថៃទទួលយកអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលស្នើឱ្យផ្អាក សមាជិកភាពសភារបស់លោកជាបណ្ដោះអាសន្ន លោក Pita បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានទំនុកចិត្តលើខ្លួនឯងថាខ្ញុំនឹងធ្វើការដោយពេញសមត្ថភាព របស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងក្ដីសង្ឃឹមរបស់ប្រជាជន និងការគាំទ្រដែលប្រជាជនបានផ្ដល់ឱ្យខ្ញុំ»។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញថៃ ឱ្យផ្អាកសមាជិកភាពសភារបស់ មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានបំពានគោលការណ៍ ឃោសនាបោះឆ្នោត។ ស្ថានការណ៍វិវត្តន៍ខាងលើកើតមាន ស្របពេលដែលសភាថៃនឹងត្រូវរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ៕