(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថាមីស៊ីលបាលិស្ទីគមួយគ្រាប់ដែលទីក្រុងព្យុងយ៉ាង បានបាញ់ សាកល្បងកាលពីថ្ងៃពុធមិ្សលមិញ គឺជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការដោយឥន្ធនៈរឹង Hwasong-18 ខណៈកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានថ្កោលទោសព្រមៗគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
Hwasong-18 ត្រូវបានកូរ៉េខាងជើងធ្វើតេស្ដបាញ់ជាលើកដំបូងកាលពីខែមេសាកន្លងទៅ ហើយវាគឺជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរ ការដោយឥន្ធនៈរឹងដំបូងបំផុតរបស់កូរ៉េខាងជើង ដែលអាចដាក់ពង្រាយ និងបាញ់ចេញភ្លាមៗ ក្នុងករណីមានសង្រ្គាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថានៅក្នុងការធ្វើតេស្ដ មីស៊ីល Hwasong-18 បានហោះបានចម្ងាយ ១,០០១គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៦,៦៤៨គីឡូម៉ែត្រ ដោយប្រើ ពេលហោះជាង ៧៤នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានអនុម័តដំណោះស្រាយហាមឃាត់ការអភិវឌ្ឍមីស៊ីល និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាការធ្វើតេស្ដមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕