(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី១២ ខែកក្កដានេះបានបញ្ចេញប្រតិកម្មខឹងសម្បារទៅនឹងសេចក្ដីថ្លែងការណ៍រួមរបស់អង្គការ NATO ដែលបានចាត់ទុកចិនជា «បញ្ហាប្រឈមដ៏ធំ» ចំពោះផលប្រយោជន៍ និងសន្តិសុខរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនដែលចេញផ្សាយនៅកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី អង្គការ NATO បានលើកឡើងថាចិន បាន និងកំពុងបង្កបញ្ហាប្រឈមដល់ផលប្រយោជន៍សន្តិសុខ និងគុណតម្លៃរបស់ NATO ដោយសង្កត់ធ្ងន់ពីមហិច្ឆតា និងគោលនយោបាយសម្លុតគំរាមរបស់ទីក្រុងប៉េកាំង។
ក៏ប៉ុន្តែ បេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានថ្កោលទោសសេចក្ដីថ្លែងការណ៍ខាងលើ ជាមួយការចោទប្រកាន់ថា NATO មានគោលបំណងលាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះចិន។ បេសកកម្មចិន បានគូសបញ្ជាក់ដូច្នេះថា «យើងប្រឆាំង និងជំទាស់ដាច់ខាតចំពោះការលើកឡើងបែបនេះ។ ទីក្រុងប៉េកាំងប្រឆាំងនឹងសកម្មភាពពង្រីកខ្លួនឆ្ពោះមកទិសខាងកើត របស់ NATO មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ហើយសកម្មភាពទាំងឡាយណាដែលបំផ្លាញដល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ចិន នឹងត្រូវប្រឈមមុខនឹងការឆ្លើយតប ទៅវិញយ៉ាងម៉ឺងម៉ាត់»។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO នៅក្នុងទីក្រុងវីលនីញូស ក៏មានការចូលរួមផងដែរពីសំណាក់មេដឹកនាំមកពីតំបន់អាស៊ី ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីនូវែលសេឡង់ និងប្រធានាធិបតីកូរ៉េខាងត្បូង៕