(វ៉ាស៊ីនតោន)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី លោក សឺហ្គៃ ណារីសគីន (Sergei Naryshkin) នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ថាលោក និងប្រមុខ ចារកម្មអាមេរិក CIA លោក William Burns បានពិភាក្សាគ្នាថាតើត្រូវអ្វីខ្លះ ពាក់ព័ន្ធនឹងអ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីចុងខែមិថុនាកន្លងទៅ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
សារព័ត៌មានអាមេរិក New York Times និង Wall Street Journal ធ្លាប់បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមិថុនាថាលោក Burns បានបើកកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោក Naryshkin ដើម្បីធ្វើការធានាដល់វិមានក្រឹមឡាំងថាសហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធនឹងការបះបោររយៈពេលខ្លីរបស់ទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃទី២៤ ខែមិថុនានោះឡើយ។ បើតាមលោក Naryshkin លោក Burns ពិតជាបានលើកឡើងពីព្រឹត្តិការណ៍ថ្ងៃទី២៤ ខែមិថុនាពិតមែន ប៉ុន្តែនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទរយៈពេលជាងមួយម៉ោង ប្រមុខចារកម្មទាំង២ បានពិភាក្សាគ្នាដោយផ្តោតជាសំខាន់លើថាតើត្រូវធ្វើអ្វីខ្លះពាក់ព័ន្ធនឹងអ៊ុយក្រែន។
យ៉ាងណាក៏ដោយ ខាង CIA មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ ប៉ុន្តែអ្វីដែលគេដឹងនោះគឺ លោក Burns និងលោក Naryshkin បានរក្សាការទំនាក់ទំនងគ្នា ចាប់តាំងពី សង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ៕