(ហុងកុង)៖ ប្រធាននាយកដ្ឋានបរិស្ថានរបស់ហុងកុងបាននិយាយថា ទីក្រុងហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រ ពីខេត្តទាំង១០របស់ប្រទេសជប៉ុន ប្រសិនបើទីក្រុងតូក្យូបន្តផែនការបញ្ចេញទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។
ការហាមឃាត់នេះ នឹងអនុវត្តចំពោះផលិតផលជលផលនាំចូលពីទីក្រុងតូក្យូ ហ្វូគូស៊ីម៉ា ឈីបា តូឈីហ្គី អ៊ីបារ៉ាគី ហ្គូម៉ា មីយ៉ាហ្គី នីហ្គាតា ណាហ្គាណូ និងសៃតាម៉ា។
លោក Xie Zhanyun ប្រធានការិយាល័យបរិស្ថានបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា ការហាមឃាត់នឹងរួមបញ្ចូលការនាំចូលនូវផលិតផលស្រស់ៗ ក្លាសេ សម្ងួត ឬផលិតផលថែរក្សាទុកផ្សេងទៀត ព្រមទាំងអំបិលសមុទ្រ និងសារ៉ាយសមុទ្រឆៅ ឬកែច្នៃផងដែរ។
វិធានការនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិរបស់ហុងកុង លោក Lee Kar-chao បាននិយាយថា ទីក្រុងហុងកុងនឹងហាមឃាត់អាហារសមុទ្រ «មួយចំនួនធំ» ដែលនាំចូលពីខេត្តរបស់ជប៉ុន ប្រសិនបើទីក្រុងតូក្យូនៅតែបន្តបញ្ចេញទឹកសំណល់។
ទីក្រុងនេះគឺជាទីផ្សារធំទីពីររបស់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសចិនសម្រាប់ការនាំចេញកសិផល និងនេសាទ។ ក្នុងឆ្នាំ២០២២ ប្រទេសជប៉ុនបាននាំចេញផលិតផលត្រីក្នុងទឹកប្រាក់ ៧៥.៧ពាន់លានយ៉េន ឬស្មើនឹង ៥៣៦លានដុល្លារអាមេរិកទៅកាន់ទីក្រុងហុងកុង នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលជប៉ុន។
ផែនការរបស់ប្រទេសជប៉ុនដែលត្រូវបានអនុម័ត ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានប្រឈមមុខនឹងការប្រឆាំងទាំងក្នុងប្រទេស និងក្រៅប្រទេសជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ។
ក្រសួងការបរទេសជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសជប៉ុនបានស្នើសុំយ៉ាងខ្លាំងដល់មន្ត្រីហុងកុង កុំឱ្យរឹតបន្តឹងលើការនាំចូលអាហារពីប្រទេសជប៉ុន ជុំវិញផែនការរបស់ខ្លួនក្នុងការបង្ហូរទឹកសំណល់ ដែលត្រូវបានចម្រោះចេញពីម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែររបស់ខ្លួននៅហ្វូគូស៊ីម៉ា៕