(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលកំពុងចូលរួមកិច្ចប្រជុំ ជាមួយមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅប្រទេសលីទុយអានី បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់រថយន្តការពារ Bushmasters ចំនួន ៣០គ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន បន្ទាប់ពីមានសំណើសុំ សម្រាប់ការប្រើប្រាស់សម្រាប់ដឹកជញ្ជូនទាហាននៅក្នុងសមរភូមិជួរមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
លោក Albanese បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelenskiy នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ ក្នុងប្រទេសលីទុយអានីកាលពីយប់ថ្ងៃពុធ ជាកន្លែងដែលលោកបានសន្យាផ្តល់ជំនួយយោធាបន្ថែមទៀត ដើម្បីគាំទ្រប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសលីទុយអានីដូច្នេះថា «នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នានាពេលបច្ចុប្បន្ននេះ អ៊ុយក្រែនមិនត្រឹមតែកំពុងប្រយុទ្ធដើម្បីអធិបតេយ្យភាពជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែកំពុងប្រយុទ្ធដើម្បីការអនុវត្តច្បាប់អន្តរជាតិ ហើយនេះគឺជាការប្រយុទ្ធដែលមានឥទ្ធិពលសម្រាប់ពិភពលោកទាំងមូល»។
គួរបញ្ជាក់ថា ការផ្តល់រថយន្ត Bushmaster ចំនួន ៣០គ្រឿងបន្ថែមទៀតនេះ ដែលមានតម្លៃ ១០០លានដុល្លារអូស្ត្រាលី (៦៧ លានដុល្លារអាមេរិក) ទៅដល់អ៊ុយក្រែននេះ បាននាំឱ្យរថយន្តការពារ ដែលត្រូវបានផ្តល់ជូនអ៊ុយក្រែនបានកើនសរុបចំនួន ១២០គ្រឿងហើយ ដែលជាការរួមចំណែកធំបំផុត សម្រាប់ប្រទេសមិនមែនជាសមាជិកអង្គការណាតូដល់អ៊ុយក្រែន៕