(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃពុធនេះ បាននិយាយថា ដំណើរបំពេញទស្សនកិច្ចដោយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់​ប្រទេសចិន គឺស្ថិតនៅក្នុងរបៀបវារៈរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា ឥឡូវនេះគឺជា​ពេលវេលាដ៏ប្រសើរមួយ ដើម្បីរក្សាទំនាក់ទំនងល្អ ដែលមានស្រាប់រវាងទីក្រុងមូស្គូនិងទីក្រុងប៉េកាំង។ លោក ប៉េស្កូវ បានបន្ថែមទៀតថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន នឹងត្រូវប្រកាសជាផ្លូវការ នៅពេលដែលវាត្រូវបានត្រៀមរៀបចំរួចរាល់។

គួរបញ្ជាក់ថា ចិនមិនបានចូលរួមថ្កោលទោស សង្រ្គាមឈ្លានឈានរបស់រុស្ស៉ីនៅអ៊ុយក្រែនឡើយ ហើយបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធឡើង ​ជាមួយទីក្រុងមូស្គូ។ អំលុងកិច្ចប្រជុំកំពូលនាសប្តាហ៍នេះ នៅប្រទេសលីទុយអានី ក្រុមមេដឹកនាំអង្គការណាតូ (NATO) បាននិយាយថា ភាពកាន់តែស៉ីជម្រៅនៃទំនាក់ទំនងយុទ្ធសាស្រ្តរវាងចិននិងរុស្ស៉ី កំពុងតែប៉ះពាល់ដល់គុណតម្លៃនិងផលប្រយោជន៍របស់ពួកគេ ហើយបាន​អំពាវនាវឱ្យចិនថ្កោលទោសលើសង្រ្គាមរបស់រុស្ស៉ី និងកុំផ្តល់ការគាំទ្រក្នុងទម្រង់ណាមួយឱ្យសោះ ដល់កិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៉ី៕