(តូក្យូ)៖ នាយរកដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គិស៉ិដា (Fumio Kishida) នៅថ្ងៃពុធនេះបានសាទរលើកម្មវិធីភាពជាដៃគូថ្មីមួយ រវាងប្រទេសជប៉ុន និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មុនពេលចូលរួមក្នុងកិច្ចប្រជុំកំពូល NATO ដែលធ្វើឡើងក្នុងទីក្រុងវីលីញូស (Vilnius) របស់ប្រទេសលីទុយអានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសេចក្តីប្រកាសរួមជាមួយ លោក ជេន ស្តូលធិនបឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ លោក គីស៉ិដា និយាយថា លោកទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យថ្មីៗ រួមទាំងសន្តិសុខតាមអ៉ីនធឺណិត ហើយសង្ឃឹមថានឹងធ្វើឲ្យ កិច្ចសហប្រតិបត្តិការជាមួយកាន់តែស៊ីជម្រៅ ខណៈដែលណាតូកំពុងបង្កើនការចូលរួមរបស់ខ្លួន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ដោយឡែក លោក ស្តូលធិនបឺគ បាននិយាយថា NATO មានការព្រួយបារម្មណ៍ចំពោះ ការកសាងយោធាដ៏មានសក្តានុពលរបស់ចិន និងការពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ហើយបានថ្កោលទោសចំពោះការបាញ់មីស៉ីលពីសំណាក់កូរ៉េខាងជើង។ លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា «គ្មានដៃគូណាដែលជិតស្និទ្ធនឹងណាតូ ជាងជប៉ុននោះទេ ។ តំបន់អាស៉ីមានសារសំខាន់ចំពោះអឺរ៉ុប ដូចអឺរ៉ុបមានសារសំខាន់សម្រាប់អាស៉ីដូច្នោះដែរ»

គួរបញ្ជាក់ថា កម្មវិធីភាពជាដៃគូថ្មីរវាងជប៉ុន និងអង្គការណាតូ នេះកើតឡើងចំពេលដែល NATO កំពុងស្វែងរកការចូលរួមទំនាក់ទំនង កាន់តែស៉ីជម្រៅជាមួយតំបន់អាស៉ី ស្របពេលដែលប្រទេសចិនបង្កើនវត្តមានយោធារបស់ខ្លួនក្នុងតំបន់នេះ៕