(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១១ខែកក្កដា តាមម៉ោងក្នុងតំបន់ឡើងទៅ កិច្ចប្រជុំកំពូលអង្គការណាតូបានបើកធ្វើនៅប្រទេសលីទុយអានី។ ក្រៅពីប្រធានបទគន្លឹះអំពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំប្រទេសទាំង៤គឺជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់បានចូលរួម ក្នុងកិច្ចប្រជុំនេះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដែលធ្វើឲ្យបញ្ហាអង្គការណាតូ បង្វែរការផ្តោតសំខាន់ទោលើអាស៊ីប៉ាស៊ីហ្វិ ឡើងកម្តៅម្តងទៀត។
យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឱ្យដឹងថា ដោយសារការប្រឆាំងរបស់ប្រទេសបារាំង ផែនការស្តីពីការបើកការិយាល័យទំនាក់ទំនងអាស៊ីទីមួយ នៅប្រទេសជប៉ុនរបស់អង្គការណាតូ ដែលគ្រោងនឹងពិភាក្សា នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ ត្រូវបានពន្យារពេលកំណត់រហូតដល់រយៈពេលក្រោយពីរដូវរំហើយ។ ប៉ុន្តែ អ្នកវិភាគជឿជាក់ថា ក្រោមការណែនាំរបស់ប្រទេសអាមេរិក ចេតនារបស់អង្គការណាតូក្នុងការពង្រីកក្របខ័ណ្ឌ នៃឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមិនប្រែប្រួលឡើយ។
ក្នុងនាមជាបច្ច័យនៃសង្គ្រាមត្រជាក់ ចាប់តាំងពីបានបង្កើតឡើងមក អង្គការណាតូគឺជាសសរស្តម្ភជាស្នូល របស់អាមេរិកក្នុងការគាំពារអនុត្តរភាពរបស់ខ្លួន "បើគ្មានសត្រូវ វាពិបាករស់រានមានជីវិត"គឺជាតក្កវិជ្ជារបស់វា ។ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មក ក្រោមការជំរុញនៃយុទ្ធសាស្ត្ររបស់អាមេរិកដែល"ជាន់លើអាល្លឺម៉ង់និងបារាំង""ទាត់ចោលរុស្ស៊ី" និង"យកឈ្នះលើប្រទេសចិន" អង្គការណាតូបានធ្វើការពង្វាតទៅទិសខាងកើតចំនួន៦ជុំ ដែលបង្កឱ្យមានការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កើតភាពបែកបាក់ផ្នែកសន្តិសុខនៅអឺរ៉ុប ហើយនិងលូតដៃរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកជាបន្តបន្ទាប់។
នៅឆ្នាំ២០២២ "គំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការណាតូ" បានលើកឡើងពីប្រទេសចិនជាលើកដំបូង ព្រមទាំងបានចាត់ទុកប្រទេសចិនថា ជា"ការប្រឈមជាប្រព័ន្ធ"យ៉ាងច្បាស់លាស់ ហើយយកបញ្ហានេះធ្វើជាលេស ដើម្បីពន្លឿនដំណើរការដាក់ពង្រាយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើអង្គការណាតូលូតដៃចូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើការកែប្រែបែប"បស្ចិមប្រទេស" ចំពោះអភិបាលកិច្ចជាតិនិងទស្សនៈតម្លៃ របស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក នោះវាមុខជានឹងបណ្តាលឱ្យមានការធ្វើពហិការជាទូទៅ ក៏ដូចជានាំមកនូវវិបត្តិនិងភាពរង្គោះរង្គើជាមិនខាន។
នៅក្នុងដំណើរដែលអង្គការណាតូពង្វាតទៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសជប៉ុនបានដើរតួនាទីដែលនាំចកចូលផ្ទះ។ នៅខែឧសភាឆ្នាំ២០១៤ ប្រទេសជប៉ុនបានចុះហត្ថលេខាលើ《គម្រោងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ》ជាមួយអង្គការណាតូ ដោយលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូជាបន្តបន្ទាប់ និងដើរតួនាទីជា"អ្នកនាំផ្លូវ" ដែលណែនាំអង្គការណាតូពង្វាតទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ មូលហេតុនៅពីក្រោយរឿងនេះ មិនត្រឹមតែដោយសារជប៉ុនជាអ្នកដើរតាម យ៉ាងមុតមាំរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំង ជប៉ុនមានមហិច្ឆតាចង់ដើរតាមផ្លូវនៃប្រទេសខ្លាំងផ្នែកយោធាឡើងវិញ និងចង់ជួយគ្នាទៅវិញទៅមកជាមួយ អង្គការណាតូក្នុងវិស័យការពារជាតិផងដែរ។
ពេលថ្មីៗនេះ មហាជនជប៉ុននិងកូរ៉េខាងត្បូងជាច្រើនបានធ្វើការជួបជុំគ្នា ដើម្បីលើកការប្រឆាំងតវ៉ាចំពោះអង្គការណាតូ ដែលបណ្តាលឱ្យមានភាពតានតឹងផ្នែកយោធា ហើយប្រឆាំងនឹងអង្គការណាតូដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាការពិត នៅផ្ទៃក្នុងអង្គការណាតូ ក៏មិនខ្វះសំឡេងប្រឆាំងនឹងទង្វើពង្រីកក្របខ័ណ្ឌនៃឥទ្ធិពលរបស់ខ្លួននោះដែរ។ ឧទាហរណ៍ លោកMacronប្រធានាធិបតីបារាំងធ្លាប់បានថ្លែងថា អង្គការណាតូបានស្លាប់ “ខួរក្បាល” ហើយបានប្រឆាំងយ៉ាងច្បាស់លាស់ នូវការដែលអង្គការណាតូបង្កើត ការិយាល័យទំនាក់ទំនងនៅប្រទេសជប៉ុន។ មន្ត្រីបារាំងលើកឡើងថា អង្គការណាតូគឺជាពាក្យកាត់នៃ "អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង" ហើយអាមេរិកនិងអឺរ៉ុបគឺជាគោលដៅការពារជាសមូហភាព ដូច្នេះវាបង្កើតទីតាំងមូលដ្ឋាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនសមស្របទេ។ សំឡេងប្រកបដោយវិចារណញ្ញាណបែបនេះ គួរឱ្យសមាជិកអង្គការណាតូស្តាប់ និងគិតពិចារណា។
តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ទីពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្តារអុកសម្រាប់ប្រទេសមហាអំណាច ប្រកួតប្រជែងនោះទេ។ អង្គការណាតូដែលដឹកនាំដោយអាមេរិក ចង់ចម្លងអ្វីដែលគេហៅថា "បទពិសោធន៍អឺរ៉ុប" ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក តាមពិតទៅគឺចង់ចម្លងការបំបែកបំបាក់ និងការប្រឈមមុខដាក់គ្នាទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រជាជនក្នុងតំបន់នេះមិនទទួកយកជាដាច់ខាត។ វាចង់"បន្តជីវិតរបស់ខ្លួន"តាមរយៈការបង្កភាពចលាចល នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្នេហាសន្តិភាពនៅទូទាំងពិភពលោកក៏មិនយល់ព្រមនោះដែរ៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន