(បាងកក)៖ នៅថ្ងៃពុធ ទី១២ ខែកក្កដានេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញ ឱ្យផ្អាកសមាជិកភាពសភារបស់ មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្ន និងជាបន្ទាន់ ជុំវិញការចោទប្រកាន់ថារូបលោកបានបំពានគោលការណ៍ឃោសនាបោះឆ្នោត។
គណបក្ស Move Forward បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែលោក Pita បានប្រឈមនឹងឧបសគ្គមួយចំនួន។ កាលពីខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីបើកការស៉ើបអង្កេតថាតើរូបលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាសមាជិកសភា និងឈរឈ្មោះជានាយករដ្ឋមន្រ្តី ដែរឬយ៉ាងណា ពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកកាន់កាប់ភាគហ៊ុនជាង ៤២,០០០ហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV នៅពេលដែលលោកឈរឈ្មោះបោះឆ្នោត។
គណៈកម្មការបោះឆ្នោតថៃ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «EC នឹងបញ្ជូនសំណុំរឿងរបស់លោក Pita ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីស្នើសុំការសម្រេចផ្លូវការ»។ លោក អ៉ីតតាផ័ន ប៊ូនប្រាកង (Ittiporn Boonprakong) ដែលជាប្រធាន EC បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គណៈកម្មការបោះឆ្នោត បានផ្តល់អនុសាសន៍ឱ្យ តុលាការធម្មនុញ្ញ ផ្អាកសមាជិកភាពតំណាងរាស្រ្តរបស់លោក Pita។ ស្ថានការណ៍វិវត្តន៍ខាងលើកើតមាន ស្របពេលដែលសភាថៃនឹងត្រូវរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា។ នៅក្រោមច្បាប់របស់ប្រទេសថៃ ទោះបីជាលោក Pita ត្រូវបានផ្អាកសមាជិកភាពសភាក្តី ក៏លោកនឹងនៅតែអាចឈរឈ្មោះជានាយករដ្ឋមន្រ្តីដែរ។ ប៉ុន្តែ ការសម្រេចចិត្តរបស់គណៈកម្មការបោះឆ្នោតថៃនឹងកាន់តែបន្ថែមភាពមិនច្បាស់លាស់លើអនាគតរបស់លោក Pita។ ដូច្នេះប្រសិនបើលោក Pita មិនអាចជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ តើនឹងមានរឿងអ្វីកើតឡើង? ខាងក្រោមនេះគឺជាសេណារីយ៉ូ ដែលត្រូវបានគេព្យាករ៖
* លោក Pita ក្លាយជានាយករដ្ឋមន្ត្រី
ប្រសិនបើក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward អាចប្រមូលការគាំទ្រពីតំណាងរាស្ត្រយ៉ាងហោច ៦៥រូប មកពីគណបក្សមាននិន្នាការអភិរក្សនិយម ឬក៏ពីសមាជិក ព្រឹទ្ធសភា នោះលោក Pita អាចនឹងទទួលបានសំឡេង ៣៧៦ ដែលគ្រប់គ្រាន់ឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីទី៣០ និងជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតរបស់ថៃ ក្នុងរយៈពេលជិត ៨ទសវត្សរ៍មកនេះ។ ប្រសិនបើសេណារីយ៉ូនេះកើតឡើងមែន នោះលោក Pita អាចនឹងដំណើរការនីតិវិធីបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយដែលមានសមាជិកភាគច្រើន មកពីគណបក្ស Move Forward និងគណបក្ស Pheu Thai ដែលជាគណបក្សឈ្នះឆ្នោតឈរនៅលំដាប់ទី២ និងមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថៃនិរទេសខ្លួននៅឯ បរទេស លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ហើយរដ្ឋាភិបាលថ្មីអាចនឹងត្រូវបានបង្កើតឡើងនៅខែសីហាខាងមុខ។ ប៉ុន្តែវាមិនមែនងាយស្រួលដូចជាការរៀបរាប់នេះឡើយ។ លោក Pita នឹងត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើនទៀត ក្នុងនោះរួមមានគោលជំហរដាច់ខាតរបស់គណបក្ស Move Forward ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្ដា ត្រង់មាត្រា១១២ ដែលដាក់ទោសយ៉ាងធ្ងន់ធ្ងរលើអ្នករិះគន់ព្រះមហាក្សត្រថៃ។
* លោក Pita ត្រូវបានជម្រុះចោល?
នេះគឺជាសេណារីយ៉ូមួយដែលអ្នកវិភាគជាច្រើនបានប្រមើលមើលទុកជាមុន។ ជាក់ស្ដែង នៅថ្ងៃពុធ ទី១២ ខែកក្កដានេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់ អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃឱ្យផ្អាកសមាជិកភាពសភា របស់លោក Pita ជាបណ្តោះអាសន្នសិនជាបន្ទាន់។ នេះមានន័យថាសមាជិកភាពសភា និងអនាគតតំណែងជា នាយករដ្ឋមន្ត្រីនឹងធ្លាក់ទៅក្នុងដៃតុលាការធម្មនុញ្ញថៃ។ លើសពីនេះទៅទៀត ឧបសគ្គមួយទៀតរបស់លោក Pita នោះគឺសមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ដែលសុទ្ធសឹងតែជា មនុស្សរបស់យោធាថៃ។ សមាជិកព្រឹទ្ធសភាភាគច្រើនត្រូវបានគេរំពឹងថានឹងជំទាស់ការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រី ឬអាចមិនចូលរួមក្នុងការបោះឆ្នោតថ្ងៃទី១៣ ខែកក្កដា។ ចំណែក សមាជិកទាំង ១៨៨រូបផ្សេងទៀត នៃសភាជាន់ទាប ឬរដ្ឋសភាថៃ ដែលនៅខាងក្រៅក្រុមចម្រុះរបស់លោក Pita ក៏មិនត្រូវបានគេរំពឹងថានឹងឈរនៅខាងលោកនោះដែរ។
តួយ៉ាង គណបក្ស Bhumjaithai ជាបក្សឈ្នះឆ្នោតឈរនៅលំដាប់ទី៣ នៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភា បាននិយាយថានឹងមិនបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រី រូបណាដែលចង់ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេសា្តនោះទេ។ នៅក្រោមច្បាប់ថៃបច្ចុប្បន្ន មិនមានការកំណត់ថាតើសភាត្រូវកោះប្រជុំប៉ុន្មានដង ហើយក៏មិនមានការកំណត់ កាលបរិច្ឆេទផុតកំណត់ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះដែរ។ ប្រសិនបើលោក Pita មិនអាចទទួលបានការគាំទ្រ ៣៧៦សំឡេងក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះទេ នោះលោកអាចនឹងត្រូវព្យាយាមក្នុងការបោះឆ្នោតជាលើកទី២ ដែលអាចនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា។ តែយ៉ាងណាក៏ដោយ ប្រធានរដ្ឋសភា លោក Wan Muhamad Noor Matha បានបញ្ជាក់ហើយថាវាប្រហែលជាមិនអាចទៅរួចទេ ដែលការបោះឆ្នោតលើការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីថ្មី អាចនឹងដំណើរការទៅលើសពី ២ ឬ ៣ដង។
ដូច្នេះបើលោក Pita បរាជ័យ នោះវានឹងមានសេណារីយ៉ូ មានផ្សេងទៀត នោះគឺគណបក្ស Pheu Thai អាចនឹងស្នើសុំឱកាសពីគណបក្ស Move Forward ឬក៏ផ្ដាច់ខ្លួនចេញតែម្ដង ដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយជាមួយគណបក្សមាននិន្នាការអភិរក្សនិយម ក្នុងនោះជាពិសេសជាមួយគណបក្ស Bhumjaithai។ ក្រុមអ្នកវិភាគភាគច្រើនជឿថា គណបក្ស Pheu Thai មានលទ្ធភាពខ្ពស់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះច្រើនជាងគណបក្ស Move Forward ដោយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីដើមខែកក្កដានេះ ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Nomura Holdings បានឱ្យដឹងថាលទ្ធភាពដែលគណបក្ស Pheu Thai អាចដឹកនាំរដ្ឋាភិបាលចម្រុះបានគឺបានកើនឡើងពី៥៥ភាគរយ ដល់៦០ភាគរយ ខណៈឱកាសរបស់គណបក្ស Move Forward បានធ្លាក់ចុះពី ៣៥ភាគរយ មកនៅត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគយល់ថាគណបក្ស Pheu Thai ក៏មិន អាចតែងតាំងកូនស្រីបង្កើតលោក ថាក់ស៊ីន គឺអ្នកនាងផែថងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីបាននោះដែរ ពីព្រោះយោធាថៃមានអាឡែរហ្ស៉ីជាមួយគ្រួសារត្រកូលស៊ីណាវ៉ាត់ ហើយបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ទៀតដែលអាចទៅរួច នៅក្នុងគណបក្ស Pheu Thai នោះគឺសេដ្ឋីអចលនាទ្រព្យ លោក Srettha Thavisin។
* ការបោះឆ្នោតនឹងត្រូវលើកពេល?
ដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញថៃឱ្យផ្អាកសមាជិកភាពសភារបស់មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិនជាបន្ទាន់ ក្រុមសមាជិកសភា អាចនឹងបោះឆ្នោតលើកពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយរង់ចាំមើលថាតើលោក Pita អាចនឹងរួចផុតពីការដកសមាជិកសភា ដែរឬក៏យ៉ាងណា?
ដូច្នេះក្នុងពេលនេះអ្វីដែលគេត្រូវរង់ចាំមើលបំផុត នោះគឺថាតើតុលាការធម្មនុញ្ញថៃនឹងទទួលយកអនុសាសន៍របស់ គណៈកម្មការរៀបចំការបោះឆ្នោតថៃដែរឬក៏អត់? គេនៅចាំបានថា កាលពីឆ្នាំ២០១៩ លោក Thanathorn Juangroongruangkit ដែលជាមេដឹកនាំអតីតគណបក្ស Future Forward ត្រូវបានតុលាការធម្មនុញ្ញថៃដកសមាជិកភាពសភា និងហាមឃាត់ពីការធ្វើសកម្មភាពនយោបាយរយៈពេល១០ឆ្នាំ ដោយចោទប្រកាន់ថារូបលោកបានបំពានច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយ V-Luck Media ដែលជាការចោទប្រកាន់ដូចគ្នាដែលលោក Pita កំពុងប្រឈម។ គណបក្ស Future Forward ជាគណបក្សដើមរបស់ Move Forward ត្រូវបានតុលាការ ធម្មនុញ្ញថៃរំលាយចោលក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ថា ប្រសិនបើមិនអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានទេ នោះនាយករដ្ឋមន្ត្រីចាំផ្ទះ លោក បា្រយុទ្ធ ចាន់អូចា នឹងត្រូវដឹកនាំប្រទេសជាបណ្ដោះអាសន្ន រហូតទាល់តែ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕