(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្សជាង ៤០,០០០នាក់ នៅក្នុងខេត្តស៊ីឈួនត្រូវបានជម្លៀស ដោយសារតែទឹកជំនន់ ខណៈឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំង កំពុងកើតមានឡើងលើផ្នែកជាច្រើននៃប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ទឹកភ្លៀងកម្រិត ៣០០.៧មីលីម៉ែត្របានធ្លាក់លើទីក្រុងយ៉ាអាន (Yaan) ក្នុងខេត្តស៉ីឈួន (Sichuan) ក្នុងរយៈពេលប្រហែល ១៤ម៉ោង បណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបំផ្លិចបំផ្លាញផ្ទះសម្បែង។ ទីក្រុងចេងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) បានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំង ដែលជាកម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្ន ហើយតំបន់ជាច្រើនទៀតក៏បានរាយការណ៍ពីភ្លៀងធ្លាក់ខ្លាំងផងដែរ។

អាជ្ញាធរឧតុនិយម បានបន្តការប្រកាសអាសន្នសម្រាប់ព្យុះភ្លៀង ដែលនឹងមកដល់ព្រឹកថ្ងៃព្រហស្បតិ៍លើខេត្តមួយចំនួនរួមមាន សានស៉ី ហឺប៉ី សានទុង ជាំងស៊ូ អានហួយ ស៉ីឈួន កានស៊ូ និងតំបន់ទីបេ។ តំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតលើសពី ៧០មីលីម៉ែត្រក្នុងមួយម៉ោង ក៏ដូចជាផ្គរ រន្ទះ និងខ្យល់ព្យុះផងដែរ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាបានធ្លាក់តំបន់ផ្សេងៗគ្នានៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បណ្តាលឲ្យមានទឹកជំនន់ ការរអិលបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែង ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់មនុស្សជាច្រើននាក់។ លក្ខខណ្ឌអាកាសធាតុក្នុងប្រទេសចិនកើតមានឡើង ស្របពេលដែលតំបន់មួយចំនួនផ្សេងទៀតនៃពិភពលោក បាននឹងកំពុងជួបប្រទះនូវគ្រោះមហន្តរាយស្រដៀងគ្នានេះ ដោយបង្កើនការភ័យខ្លាចអំពីរលកនៃការប្រែប្រួលអាកាសធាតុថ្មីទៀត៕