(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsein Loong) បានឱ្យដឹងនៅថ្ងៃពុធនេះថា លោកបានសម្រេចបង្គាប់ឱ្យ រដ្ឋមន្រ្តីដឹកជញ្ជូនឈប់សម្រាកពីការងារមួយរយៈសិន បន្ទាប់ពីអាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយដ៌មានឥទ្ធិពលរបស់បុរីរដ្ឋមួយនេះ បាន​បើកការស៉ើបអង្កេតមួយ ដែលមានជាប់ពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីរូបនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

លោក លី បានប្រាប់ថា ទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយ CPIB បានរាយការណ៍ប្រាប់លោក អំពីសំណុំរឿងមួយដែលទីភ្នាក់ងារ​បានរកឃើញ ហើយ CPIB បានស្វែងរកការឯកភាពពីលោក សម្រាប់ការស៉ើបអង្កេតផ្លូវការមួយ ដែលនឹងត្រូវជាប់ពាក់ព័ន្ធជាមួយ ការសាកសួរ​រដ្ឋមន្រ្តីដឹកជញ្ជូនលោក អេស អ៉ីស្វារ៉ាន (S. Iswaran) ក្នុងចំណោមបុគ្គលមួយចំនួនទៀត។

លោក លី បានបង្ហោះសារលើ Facebook ដូច្នេះថា «ខ្ញុំបានបង្គាប់ឱ្យលោករដ្ឋមន្រ្តី Iswaran សម្រាកពីតួនាទីជាបណ្តោះអាសន្នសិន រហូតទាល់តែដំណើការស៉ើបអង្កេត ចប់រួចរាល់»។ ចំណែកខាងទីភ្នាក់ងារ CPIB បានឱ្យដឹងថា លោក Iswaran កំពុងផ្តល់ការសហការ​ជាមួយការងារស៉ើបអង្កេតរបស់ខ្លួន។

គួរបញ្ជាក់ថា សិង្ហបុរីគឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមានអំពើពុករលួយក្នុងកម្រិតទាបបំផុតមួយ នៅលើពិភពលោក។ ប្រាក់បៀវត្សរ៍​របស់រដ្ឋមន្រ្តី នៅក្នុងប្រទេសអាស៊ានមួយនេះ គឺប្រហាក់ប្រហែលទៅនឹងប្រាក់បៀវត្សរ៍ដែលខ្ពស់ៗបំផុត នៅក្នុងវិស័យឯកជន។ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ក្វានយូ ធ្លាប់បានអះអាងថា ប្រការនេះជួយទាក់ទាញធនធានមនុស្ស ដែលមានសមត្ថភាពជាងគេ ឱ្យចូលបម្រើ​រដ្ឋាភិបាល ហើយទប់ស្កាត់អំពើពុករលួយ។

នៅសិង្ហបុរី នាយករដ្ឋមន្រ្តីទទួលបានប្រាក់បៀវត្សរ៍ចំនួន ២.២លានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ ឬស្មើនឹង១.៦លានដុល្លារអាមេរិក ដែលច្រើនជាងប្រាក់បៀវត្សរ៍របស់ ប្រធានាធិបតីអាមេរិកដល់ទៅ៤ដង។ ចំណែកប្រាក់បៀវត្សរ៍របស់រដ្ឋមន្រ្តីវិញ គឺប្រហែល៩៣៥,០០០ដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ ស្មើនឹងជិត៧០០,០០០ដុល្លារអាមេរិក៕