(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសថៃ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកបានជួបជាមួយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កាលពីសប្តាហ៍កន្លងទៅ ខណៈវាជាជំនួបលើកដំបូងរបស់លោកស្រីជាមួយប្រេសិតបរទេស ដែលត្រូវបានប្រកាសឱ្យដឹង​ជាសាធារណៈ គិតចាប់តាំងពីលោកស្រី បានជាប់ឃុំឃាំង ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកំពុងប្រព្រឹត្តទៅ នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី ប្រមុខការទូតថៃ លោក ដន ប្រាមូដវីណៃ (Don Pramudwinai) បាននិយាយថា មានការជួបគ្នានាពេលកន្លងទៅនេះ ដោយលោកស្រី​មានសុខភាពល្អធម្មតា ហើយវាគឺជាជំនួបដ៏ប្រសើរមួយ។ បើតាមលោក ដន គឺលោកបានជួបលោកស្រី ស៊ូជី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយលោកស្រី បានអំពាវនាវជាថ្មីឱ្យមានកិច្ចសន្ទនា ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេស។។

គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ធ្លាប់បានបដិសេធជាប់រហូត ចំពោះសំណើម្តងហើយម្តងទៀត ពីសំណាក់ក្រុមអ្នកការទូតបរទេស ដើម្បីសុំជួបផ្ទាល់ជាមួយលោកស្រី អោងសាន ស៊ូជី ដែលបានជាប់ឃុំឃាំងចាប់តាំងតែពី ការផ្ទុះឡើងនៃរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបាន​បិទបញ្ចប់អន្តរកាលនៃលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ា ហើយបានរុញច្រានប្រទេសអាស៊ានមួយនេះ ឱ្យធ្លាក់ទៅក្នុងវិបត្តិនិងការបង្ហូរឈាម​គ្នា។ លោកស្រី ស៊ូជី ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ា ផ្តន្ទាទោសដាក់ពន្ធនាគារសរុបរយៈពេល ៣៣ឆ្នាំ៕