(ព្យុងយ៉ាង)៖ កូរ៉េខាងជើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចេញមុខថ្កោលទោសចំពោះ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការបញ្ជូន​គ្រាប់បែកចង្កោមឱ្យទៅអ៊ុយក្រែន ថាជាទង្វើឧក្រិដ្ឋមួយ ហើយបានទាមទារឱ្យទីក្រុងវ៉ាស៉ីនតោន លុបចោលផែនការ​នេះវិញជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ (Choe Son Hui) បានលើកឡើងថា ធាតុពិតដែលលោក បៃដិន បានទទួលស្គាល់ថា វាគឺជាការសម្រេចចិត្តដ៏លំបាកមួយ គឺស្តែងឱ្យឃើញថា រូបលោកដឹងច្បាស់អំពីផលវិបាកដ៏អន្តរាយ នៃការប្រើប្រាស់គ្រាប់បែកចង្កោម។

លោកស្រី ឆូ បានបន្ថែមដូច្នេះថា «តាងនាមឱ្យរដ្ឋាភិបាលកូរ៉េខាងជើង ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការលើការសម្រេចចិត្តរបស់អាមេរិក ក្នុងការផ្តល់អាវុធដែលបង្កមហន្តរាយធ្ងន់ធ្ងរនេះ ឱ្យទៅអ៊ុយក្រែន ដោយចាត់ទុកវាជាទង្វើឧក្រិដ្ឋមួយ ហើយទាមទារឱ្យសហរដ្ឋអាមេរិក ដក​ការសម្រេចចិត្តរបស់ខ្លួនវិញជាបន្ទាន់»

កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោនបានប្រកាសថា ខ្លួននឹងបញ្ជូនគ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ក្នុងផ្នែកនៃកញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដែលមានទំហំ៨០០លានដុល្លារ។ អាវុធនេះមានភាពចម្រូងចម្រាសដោយសារតែ ហានិភ័យធ្ងន់ធ្ងរដែលវាអាចបង្កឡើងចំពោះជនស៉ីវិល ទោះបីក្រោយការប្រយុទ្ធគ្នាបិទបញ្ចប់ទៅវិញយូរហើយក៏ដោយ។

គួរបញ្ជាក់ថា សម្ព័ន្ធនិងដៃគូអាមេរិកជាច្រើន ដែលកំពុងជួយគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី គឺស្ថិតក្នុងចំណោមប្រទេស​សរុបចំនួន១១១ ដែលជាភាគីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម។ អនុសញ្ញានេះ ហាមប្រាមរាល់ការប្រើប្រាស់ ស្តុកទុក ផលិត និងផ្ទេរគ្រាប់បែកចង្កោមគ្រប់ប្រភេទ ហើយបានចូលជាធរមានកាលពីឆ្នាំ២០១០។ កូរ៉េខាងជើង មិនមែនជាភាគីនៅក្នុងអនុសញ្ញាទេ ហើយរុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ក៏មិនទាន់បានចុះហត្ថលេខាលើអនុញ្ញានេះដែរ៕