(បាងកក)៖ នៅថ្ងៃពុធនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញថៃ ឱ្យផ្អាកសមាជិកភាពសភារបស់ មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានបំពានគោលការណ៍ឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

គណបក្ស Move Forward បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលថ្មី កាលពីខែឧសភាកន្លងទៅ ប៉ុន្តែលោក ភីថា បានប្រឈម​នឹងឧបសគ្គមួយចំនួន។ កាលពីខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីបើក​ការស៉ើបអង្កេតថាតើ រូបលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើជាសមាជិកសភា និងឈរឈ្មោះជានាយករដ្ឋមន្រ្តី ដែរឬយ៉ាងណា។

នៅថ្ងៃពុធនេះ គណៈកម្មការបោះឆ្នោតថៃ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «EC នឹងបញ្ជូនសំណុំរឿងរបស់លោក ភីថា ទៅកាន់​តុលាការធម្មនុញ្ញ ដើម្បីស្នើសុំការសម្រេចផ្លូវការ»។ លោក អ៉ីតតាផ័ន ប៊ូនប្រាកង (Ittiporn Boonprakong) ដែលជាប្រធាន EC បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គណៈកម្មការបោះឆ្នោត បានផ្តល់អនុសាសន៍ឱ្យតុលាការធម្មនុញ្ញ ផ្អាកសមាជិកភាពតំណាងរាស្រ្ត​របស់លោក ភីថា។

គួរបញ្ជាក់ថា ស្ថានការណ៍វិវត្តន៍ខាងលើកើតមាន ស្របពេលដែលសភាថៃនឹងត្រូវរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នៅក្រោមច្បាប់របស់ប្រទេសថៃ ទោះបីជាលោក ភីថា ត្រូវបានផ្អាកសមាជិកភាពសភាក្តី ក៏លោកនឹងនៅ​តែអាចឈរឈ្មោះជានាយករដ្ឋមន្រ្តីដែរ៕