(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ កម្ពស់ទឹកក្នុងទំនប់វារីអគ្គិសនីមួយនៃរដ្ឋវឺម៉ុន (Vermont) របស់សហរដ្ឋអាមេរិកបានជន់ឡើងដល់កម្រិតអតិបរមាហើយ បន្ទាប់ពី មានគ្រោះមហន្តរាយទឹកជំនន់បណ្តាលជន់លិចផ្លូវចេញពីទីក្រុង ម៉ន់ភឺលីយ៉េ (Montpelier) ហើយមនុស្សត្រូវជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

ក្រុមមន្ត្រីក្នុងតំបន់ បាននិយាយថា ទំនប់ Wrightsville ដែលបង្កើតជាអាងស្តុកទឹកប្រវែងជាង ៦គីឡូម៉ែត្រស្ថិតនៅឯភាគខាងជើងនៃទីក្រុង Montpelier ត្រូវការរំដោះទឹកចូល ទៅក្នុងប្រឡាយខាងជើងនៃទន្លេវីននូស្គី (Winooski)។ ប្រការនេះនឹងធ្វើឲ្យមហន្តរាយទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅក្នុងសង្កាត់កណ្តាលនៃទីក្រុង Montpelier ដ៏ស្រស់ស្អាត ដែលបច្ចុប្បន្នមនុស្សម្នាត្រូវប្រើប្រាស់ទូកកាណូតជាមធ្យោបាយធ្វើដំណើរ ខណៈទឹកជន់លិចធ្វើឲ្យខូចខាតដល់អាជីវកម្ម និងរថយន្តរបស់ពួកគេ។

អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនិយាយថា ការកើនឡើងនូវមហន្តរាយអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិក គឺជាសញ្ញានៃការប្រែប្រួលអាកាសធាតុសកលដែលជំរុញ ដោយមនុស្ស។ ស្របពេលដែលរដ្ឋភាគឦសានកំពុងជន់លិច ប៉ុន្តែរដ្ឋផ្លរីដា និងតិចសាស់បែរជាក្តៅហែង ហើយរដ្ឋកាលីហ្វ័រញ៉ា ក៏កំពុងទប់ទល់នឹងសីតុណ្ហភាព ឡើងដល់ ៤៩អង្សា សេសម្រាប់តំបន់វាលខ្សាច់នៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីក្នុងរដ្ឋធានី Montpelier មនុស្ស ៨,០០០នាក់នៅក្នុងទីក្រុងនេះត្រូវត្រៀមខ្លួន ដើម្បីផ្លាស់ទីទៅរស់នៅជាន់ខាងលើនៃផ្ទះរបស់ពួកគេ ខណៈដែល ការបិទផ្លូវហាយវេបង្កការលំបាកក្នុងករណីមានការជម្លៀសចេញ។ ក្រុមមន្ត្រីនៃរដ្ឋ Vermont ចាត់ទុកទឹកជំនន់នេះថាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតចាប់តាំងពីព្យុះហឺរីខេន Irene បានមកដល់រដ្ឋ New England ជាព្យុះត្រូពិចក្នុងឆ្នាំ២០១១ ដោយកាលណោះបានបណ្តាលឲ្យមានការខូចខាត គិតជាទឹកប្រាក់ប្រហែល ៧៥០លានដុល្លារ និងមនុស្ស ៧នាក់ស្លាប់នៅក្នុងរដ្ឋមួយនេះ៕