(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារសប្តាហ៍នេះថា បានប្រកាសផ្តល់កញ្ចប់ជំនួយចំនួន ៥០លានផោន ឬស្មើនឹង ៦៤.៧លានដុល្លារសម្រាប់អ៊ុយក្រែន លើកិច្ចការជួសជុលឧបករណ៍ និងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។
នៅក្រោមកញ្ចប់ជំនួយថ្មីដែលនឹងត្រូវពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ចក្រភពអង់គ្លេស ក៏ដូចជាសមាជិក G7 ផ្សេងទៀតនឹងផ្តល់គ្រាប់រំសេវសម្រាប់បំពាក់លើរថក្រោះ Challenger 2 រាប់ពាន់គ្រាប់បន្ថែមទៀត រួមទាំងយានប្រយុទ្ធ និងដឹកជញ្ជូនជាង ៧០គ្រឿង។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានគូសបញ្ជាក់ថា «ការគាំទ្រវឌ្ឍនភាពរបស់អ៊ុយក្រែនលើផ្លូវឆ្ពោះទៅកាន់សមាជិកភាពណាតូ រួមជាមួយនឹងកិច្ចព្រមព្រៀងផ្លូវការ ពហុភាគី និងទ្វេភាគី ក៏ដូចជាការគាំទ្រដ៏លើសលប់ពីសមាជិកណាតូ នឹងបញ្ជូនសារដ៏រឹងមាំមួយទៅកាន់លោកប្រធានាធិបតី ពូទីន ឲ្យផ្តល់សន្តិភាពដល់មកដល់តំបន់អឺរ៉ុបវិញ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមស្តីពីរបៀបដែលសម្ព័ន្ធមិត្តនឹងគាំទ្រអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីបញ្ចប់សង្គ្រាម ត្រូវបានគេរំពឹងថានឹងត្រូវបាន ចុះហត្ថលេខាដោយសមាជិកទាំងអស់នៃប្រទេស G7។ កម្មវិធីទាំងនេះ រួមមានមូលនិធិដ៏ទូលំទូលាយរបស់ណាតូ និងការផ្តល់អ្នកឯកទេសស្តារនីតិសម្បទា មកពីទូទាំងសម្ព័ន្ធមិត្តលោកខាងលិច សម្រាប់អ៊ុយក្រែន៕