(មូស្គូ)៖ មន្ត្រីជាន់ខ្ពស់រុស្ស៉ីម្នាក់ បាននិយាយដោយមិនបានបង្ហាញភស្តុតាងថា NATO ប្រហែលជាមិនទាន់អាចផ្ដល់សមាជិកភាពដល់ទីក្រុងកៀវ គឺដោយសារតែ ប៉ូឡូញ ចាត់ទុកទឹកដីផ្នែកខាងលិចរបស់អ៊ុយក្រែន គឺជាទឹកដីរបស់ខ្លួន និងមានបំណងឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី១១ ខែកក្កដានេះ។ ថ្លែងនាឱកាសនោះ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ប៉ូឡូញពិតជាមានបំណងឈ្លានពានទឹកដីផ្នែកខាង លិចរបស់អ៊ុយក្រែន ហើយនេះគឺជាមូលហេតុដែលអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតឱ្យចូល NATO»។

គួរបញ្ជាក់ថា ចាប់តាំងពីកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភ​ៈ ឆ្នាំ២០២២មក ក្រុមមន្ត្រីរុស្ស៉ីជាច្រើនរូប បានលើកឡើងដោយមិនបានបង្ហាញ ភស្តុតាងថាប៉ូឡូញចង់បានទឹកដីផ្នែកខាងលិចរបស់អ៊ុយក្រែន។ ប៉ុន្តែ ប៉ូឡូញ បច្ចុប្បន្នគឺជាអ្នកគាំទ្រដ៏ធំបំផុតមួយរបស់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹង ការឈ្លានពានពីរុស្ស៉ី៕