(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃពុធនេះបានឱ្យដឹងថាកងកម្លាំងទ័ពអាកាស និងជើងទឹករបស់ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ផ្សេងទៀត ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំង នៅឯភាគខាងត្បូង និងភាគនិរតីកោះតៃវ៉ាន់ នៅក្នុងបរិបទដែលទីក្រុងប៉េកាំង កំពុងបង្កើនការដាក់សម្ពាធយោធាលើទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ទៀតថាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានយន្ដហោះចម្បាំងចិនចំនួន៣២គ្រឿង បានហោះចូលក្នុងដែនកំណត់អត្តសញ្ញាការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់។ នៅក្នុងចំណោមយន្ដហោះចម្បាំងទាំង ៣២គ្រឿងរបស់ចិន មានទាំង យន្ដហោះទម្លាក់គ្រាប់បែក H-6 ចំនួន ៤គ្រឿង និងឧទ្ធម្ភាគចក្រ។ បន្ថែមពីលើនេះ កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ក្រសួងការពារជាតិតៃវ៉ាន់ក៏បានអះអាងដែរ ថាយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានធ្វើសកម្មភាពរួមគ្នាជាមួយនាវាចម្បាំងនៅក្នុងសមយុទ្ធយោធានៅឯភាគខាងត្បូងកោះតៃវ៉ាន់ ខណៈនាវាចម្បាំងចិន ៤គ្រឿងបានចូលរួមក្នុងសមយុទ្ធល្បាតត្រៀមលក្ខណៈប្រយុទ្ធ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យោធារបស់ខ្លួនបានចល័តយន្ដហោះចម្បាំង និងនាវាចម្បាំង ដើម្បីតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំង និងនាវាចម្បាំងរបស់ចិន។

គួរបញ្ជាក់ថា ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២ និងជាថ្មីម្ដងទៀតក្នុងខែមេសាកន្លងទៅនេះ ហើយ ចាប់តាំងពីខែសីហា ឆ្នាំមុនមកដែរ ចិនតែងតែបញ្ជូនយន្ដហោះចម្បាំងហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ជាញឺកញាប់៕