(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី ដែលមានលោក ពូទីនជាប្រធាន បាននិយាយកាលពី ថ្ងៃអង្គារសប្ដាហ៍នេះថាការបង្កើនការផ្ដល់ជំនួយយោធារបស់ NATO សម្រាប់អ៊ុយក្រែន កំពុងនាំពិភពលោកខិតកាន់តែកៀកនឹងសង្រ្គាមលោកលើកទី៣។ នេះបើតាមការចេញផ្សាយ ដោយ Reuters នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។
ការអត្ថាធិប្បាយរបស់លោក Medvedev ធ្វើឡើងចំពេលបក្សសម្ព័ន្ធយោធា NATO កំពុងបើកកិច្ចប្រជុំកំពូលក្នុងទីក្រុងវីលនីញូស នៃប្រទេសលីទុយអានី ជាទីដែលសមាជិកនៃបក្ស សម្ព័ន្ធយោធាមួយនេះបានសន្យាបង្កើនការផ្ដល់អាវុធ និងជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន។ លោក Medvedev បាននិយាយថាជំនួយអាវុធនឹងមិនអាចកំញើញ ឬរារាំងរុស្ស៉ីមិនឱ្យ សម្រេចគោលដៅរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន បាននោះឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានប្រកាសថាខ្លួននឹងផ្ដល់គ្រាប់បែកចង្កោមទៅឱ្យទីក្រុងកៀវ ខណៈរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានព្រមានថាទីក្រុងមូស្គូ អាចនឹងត្រូវបង្ខំចិត្តប្រើប្រាស់អាវុធប្រភេទនេះដែរ បើសហរដ្ឋអាមេរិកពិតជាផ្គត់ផ្គង់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែនមែននោះ។ ទាំងរុស្ស៉ី និងអ៊ុយក្រែន កន្លងមកក៏ធ្លាប់បានចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ ជុំវិញការប្រើប្រាស់គ្រាប់បែកចង្កោម នៅក្នុងសង្រ្គាមអូសបន្លាយពេលជាង៥០០ថ្ងៃមកនេះ៕